(អង់គ្លេស)៖ បុគ្គលចំនួន១៦នាក់ ត្រូវបានរកឃើញវិជ្ជមាន COVID-19 នៅក្នុងការធ្វើតេស្តជុំថ្មីចុងក្រោយ នៅលីគ Premier League របស់អង់គ្លេស ដែលបានធ្វើឡើងលើកីឡាករ និងបុគ្គលិកក្លិប ចំនួន៣,០៦០នាក់, នេះបើតាមការបញ្ជាក់ពីលីគ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
ការធ្វើតេស្តជុំទី៣ បានធ្វើឡើងចម្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា បានបង្ហាញពីការកើនឡើង នៃករណីឆ្លង បន្ទាប់ពីលីគកំពូលរបស់អង់គ្លេសនេះ បានរកឃើញវិជ្ជមាន២០ករណី នៅក្នុងការធ្វើតេស្ត២សប្តាហ៍ដំបូង។
«ស្របតាមបទប្បញ្ញត្តិ នៃការធ្វើតេស្តថែទាំសុខភាព, លីគ Premier League នឹងប្រើឧបករណ៍តេស្តរហ័ស សម្រាប់ការធ្វើតេស្តនៅរដូវនេះ ហើយអ្នកដែលវិជ្ជមាន នឹងយកទៅធ្វើតេស្ត PCR ដើម្បីបញ្ជាក់លទ្ធផល», នេះបើតាមលីគបានលើកឡើង។
ក្នុងចំណោមកីឡាករ ដែលរកឃើញវិជ្ជមាន កាលពីសប្តាហ៍មុន ក៏មានកីឡាករ Christian Pulisic របស់ក្លិប Chelsea និងកីឡាករ Ben White ដែលទើបចុះកិច្ចសន្យាថ្មីរបស់ Arsenal ដែលកីឡាករទាំងពីរ បានខកខានកាប្រកួតប៉ះគ្នា កាលពីថ្ងៃអាទិត្យ ដែល Chelsea បានយកឈ្នះ២-០ ឡើងទៅឈរនៅកំពូលតារាង។
ខ្សែប្រយុទ្ធ Arsenal កីឡាករ Pierre-Emerick Aubameyang និងកីឡាករ Alexandre Lacazette បានស្ថិតក្នុងចំណោម អ្នកវិជ្ជមានចំនួន៤នាក់ របស់ក្លិប ដែលរកឃើញកាលពីសប្តាហ៍មុន, ប៉ុន្តែកីឡាករ Aubameyang បានជាសះស្បើយ និងវិលត្រឡប់ទៅចូលរួមប្រកួតឲ្យក្លិបវិញ កាលពីចុងសប្តាហ៍កន្លងទៅនេះ៕