(អាមេរិក)៖ ក្រុមហ៊ុន Facebook ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែសាកល្បង និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការខលជាសំឡេង និងវីដេអូចេញពី Facebook App បានតែម្ដង ដោយមិនចាំបាច់ខលចេញពី Messenger app ឡើយ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
ក្រុមហ៊ុន Facebook បានផ្ដាច់ ឬញែក កម្មវិធី Facebook App និង Messenger App ចេញពីគ្នា ដើម្បីឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួល ដោយ Facebook App ប្រើសម្រាប់ផុស និងតាមដានព័ត៌មាន ចំណែក Messenger App ប្រើ សម្រាប់ឆាត និងខល ប៉ុន្តែនៅពេលនេះ ត្រូវបានអ្នកប្រើប្រាស់មួយចំនួនបញ្ជាក់ថា នៅលើ Facebook App ក៏អាចខលជាសំឡេង និងវិដេអូ បានផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យា និងជាបណ្ដាញសង្គមយក្សមួយនេះ បានព្យាយាមបំប្លែកនូវកម្មវិធីរបស់ខ្លួនដោយដាច់ដោយឡែកពីគ្នា ដូចជា Facebook App ,Messenger App, Instagram App និង WhatsApp ប៉ុន្តែសម្រាប់ទិន្នន័យវិញគឺ Facebook បានព្យាយាម ធ្វើឱ្យចូលគ្នាទៅជាគណនីតែមួយ។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ អ្នកនាំពាក្យរបស់ Facebook បាននិយាយថា សម្រាប់អ្នកប្រើប្រាស់ដែលចង់បានការប្រើប្រាស់ពោរពេញ ដោយមុខងារ និងលក្ខណ:សម្បត្តិនោះគឺតែម្ដងប្រើប្រាស់កកម្មវិធី Messenger App ប៉ុន្តែមិនបានបញ្ជាក់ថា មុខងារខលជាសំឡេង និងវិដេអូ ត្រូវបានដាក់បញ្ចូលក្នុង Facebook App៕