(ប៉ារីស)៖ ការប្រកួតសប្តាហ៍ទី៣ ពានកំពូលបារាំង Ligue 1 រវាង Nice និង Marseille ត្រូវផ្អាកកណ្តាលវគ្គជាបណ្តោះអាសន្នសិន ក្រោយកីឡាករ Dimitri Payet ដែលជាខ្សែបម្រើ Marseille ត្រូវគេគប់ក្បាលនឹងដប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។
កីឡាករ Dimitri Payet ត្រូវបានអ្នកគាំទ្រគប់នឹងដប ហើយគាត់បានយកដបនោះគប់ទៅពួកគេវិញ ធ្វើឲ្យមនុស្សជាច្រើនចុះមកទីលានប្រកួត ជាហេតុធ្វើឲ្យការប្រកួតរវាងគូនេះ ត្រូវផ្អាកជាបណ្តោះអាសន្នភ្លាមៗ។ Payet ត្រូវបានគេគប់ពីក្រោយនឹងដប ពេលគាត់រៀបចំទាល់បាល់ពីចេញពីជ្រុង។
ក្រោយផ្អាកការប្រកួតនោះ ក្រុមកីឡាករ Nice បានចេញមកទីលានដើម្បីបញ្ចប់ការប្រកួត ប៉ុន្តែក្រុមកីឡាករ Marseille មិនព្រមចេញមកប្រកួតនោះទេ។ ការពន្យារនេះ បន្សល់ទុកនូវលទ្ធផល Nice ១-០ Marseille។
នៅថ្ងៃចន្ទនេះ Ligue de Football Professionnel ដែលជាស្ថាប័នគ្រប់គ្រងលីគបារាំងបានឲ្យដឹងថា «នោះជាព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរ» ដោយបន្ថែមថា ក្លិបទាំងពីរត្រូវបានកោះហៅមកគណៈកម្មការវិន័យ នៅថ្ងៃពុធ ដើម្បីដោះស្រាយបញ្ហា។
លោក Roxana Maracineanu រដ្ឋមន្ត្រីកីឡាបារាំងបានហៅព្រឹត្តិការណ៍នោះថា ជាការប្រមាថចំពោះកីឡាករ និងបាល់ទាត់។
ស្របពេលជាមួយគ្នានេះ អភិបាលក្រុង Nice លោក Christian Estros បានថ្លែងថា «អំពើហិង្សានោះ ជារឿងមិនអាចទទួលយកបាន។ ទណ្ឌកម្ម ត្រូវតែដាក់ចេញ ដោយលីគបាល់ទាត់បារាំង ពេលដែលពួកគេរកឃើញថា នរណាជាអ្នកទទួលខុសត្រូវបញ្ហានេះ»។
សូមជម្រាបថា ក្នុងហេតុការណ៍នេះដែរមានការរាយការណ៍ថា កីឡាករ Marseille មួយចំនួនបានរងរបួស៕