(ភ្នំពេញ)៖ ខ្សែការពារជម្រើសជាតិកម្ពុជា ទេស សម្បត្តិ បានផ្ទេរមកកាន់ក្លិបបាល់ទាត់វិសាខា ជាផ្លូវការហើយ ក្រោយមានការព្រមព្រៀងផ្ទេរពីក្លិបបឹងកេត ។ នេះបើយោងតាមការប្រកាសលើគេហទំព័រ (App) ផ្លូវការរបស់ក្រុមកំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ។
នេះគឺជាការដោះដូរដ៏ធំ ក្នុងទីផ្សារដោះដូរកីឡាករជុំទី២ នៃលីគកំពូលកម្ពុជា ដែលទើបត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC សម្រេចពន្យារពេលសម្រាប់ទីផ្សារដោះដូរកីឡាករជាតិ រហូតដល់ថ្ងៃទី១០ ខែកញ្ញា កាលពីថ្មីៗ ដ្បិតអ្នកគាំទ្រភាគច្រើន ស្ទើរមិនជឿថា ទេស សម្បត្តិ សម្រេចចិត្តចាកចេញពីក្រុមនាគខៀវឡើយ។
វិសាខា គឺជាក្លិបអាជីពទី២ ដែល ទេស សម្បត្តិ ត្រូវរួមរស់ជាមួយ ក្រោយចំណាយពេលជិត ៣ឆ្នាំ ជាមួយក្រុមជើងឯកលីគ ៤សម័យបឹងកេត បន្ទាប់ពីខ្សែការពារមានដើមកំណើតពីខេត្តកំពង់ស្ពឺរូបនេះ បានចាកចេញពីមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី កាលពីចុងឆ្នាំ២០១៨ កន្លងទៅ ។ តែយ៉ាងណាក្លិបពុំបានបញ្ជាក់ពីរយៈពេល នៃកុងត្រា ក៏ដូចតម្លៃខ្លួនក្នុងការផ្ទេរនោះទេ ។
មុនផ្ទេរមកកាន់កីឡដ្ឋានព្រីនស៍ប៉ុន្មានម៉ោង ទេស សម្បត្តិ បានបង្ហាញការដឹងគុណ ចំពោះថ្នាក់ដឹកនាំក្លិបបឹងកេត ដែលបានមើលថែ និងផ្ដល់នូវមេរៀនល្អៗដល់ខ្លួន ។ សម្បត្តិ និយាយថា «ជាដំបូង ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំបឹងកេតទាំងអស់ ដែលបានមើលថែខ្ញុំអស់រយៈពេលជិត ៣ឆ្នាំមកនេះ ។ ខ្ញុំនៅទីនេះ រៀនសូត្របានច្រើនពីបងៗទាំងសុជីវធម៌ និងការរស់នៅ ។ ជាពិសេសសូមអរគុណដល់បងស្រី ពុធ ធីតា នឹងក្រុមគ្រួសារ ដែលបានទទួលយកនឹងផ្ដល់ឱកាសឲ្យរូបខ្ញុំបាទ» ។
គួរដឹងថា ទេស សម្បត្ដិ បានចាប់ផ្ដើមហ្វឹកហាត់បាល់ទាត់ដំបូង នៅសាលាបាល់ទាត់ជាតិបាទី ចាប់ពីថ្ងៃទី២០១៥ រហូតដល់ឆ្នាំ២០១៨ មុនផ្ទេរមកក្លិបបឹងកេត នៅចុងឆ្នាំ២០១៨ ដែលផ្ដល់ឱកាសឲ្យរូបគេបានប្រកបអាជីពក្នុងក្របខណ្ឌលីគកំពូលកម្ពុជាលើកដំបូង ។ មុនផ្ទេរមកវិសាខា សម្បត្តិ បានបន្សល់នូវស្នាដៃធំៗ ២ ជាមួយក្លិបចាស់ ទី១-ជួយក្រុមគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន លើកដំបូង នៅឆ្នាំ២០២១៩ និងទី២-ជួយក្លិបលើកពានលីគកំពូលកម្ពុជា លើកទី៤ ក្នុងប្រវត្តិសាស្ដ្រក្លិប នៅឆ្នាំ២០២០៕