(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមកិច្ចសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដូសទី៣ ឬដូសជំរុញ ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី និងមន្ដ្រីពាក់ព័ន្ធសរុប ១,២២៩នាក់ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
មន្ដ្រីសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញខាងលើ បានបញ្ជាក់ថា យុទ្ធនាការនេះ ធ្វើឡើងក្រោយមានការស្នើសុំរបស់លេខាធិការដ្ឋាន CAMSOC និងទទួលបានការអនុញ្ញាតពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដើម្បីបង្កើនភាពស៊ាំដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា ពិសេសកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុក និងក្រៅស្រុក ដើម្បីការប្រកួតនាពេលខាងមុខ។
មន្ដ្រី CAMSOC ដដែលបន្ដថា តាមគោលការណ៍ ក៏ដូចជាការស្នើសុំរបស់លេខាធិការដ្ឋាន CAMSOC យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី គឺបែងចែកជា ២លើក ទី១-ចាក់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះមានចំនួនសរុប ១,២២៩នាក់ និងលើកទី២ គ្រោងធ្វើការចាក់ក្នុងពេលឆាប់ៗខាងមុខ តែតាមការគ្រោងទុក ត្រូវចាក់ឲ្យបានមុនថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ដែលមានចំនួនប្រមាណជាង ៥០០នាក់។
បន្ទាប់ពីទទួលបានវ៉ាក់សាំងដូសទី៣ កីឡាករ-កីឡាការិនី បានសម្ដែងការសប្បាយចិត្តជាខ្លាំង និងបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC និងក្រសួងការពារជាតិ ដែលបានជួយសម្រួលចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡការិនី។
កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី បាននិយាយថា «សម្រាប់ការចាក់ដូសទី៣ នេះ ខ្ញុំពិតជាសប្បាយរីករាយ ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារពួកយើងទាំងអស់គ្នា និងបង្កើនទំនុកចិត្តខ្លួនឯង ថាយើងអាចការការពារជំងឺកូវីដ-១៩។ នាងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ដែលតែងតែយកចិត្តទុកដាក់ដល់ក្រុមកីឡាករ-កីឡាការិនីយើងខ្ញុំ ព្រោះក្នុងបរិបទកូវីដនេះ អត់អាចធ្វើឲ្យពួកខ្ញុំប្រមូលផ្ដុំហ្វឹកហាត់បាន។ ចឹងបន្ទាប់ពីការចាក់នេះរួច ពួកខ្ញុំអាចថា នឹងមានឱកាសប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតផ្សេងៗ នាឆ្នាំក្រោយ»។
ចំណែកកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជា កែវ សុខផេង បានលើកឡើងស្រដៀងគ្នាថា «ទី១ ខ្ញុំបាទសូមអរគុណដល់រាជរដ្ឋាភិបាល ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាត់យកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជាទាំងអស់ ដោយបានជួយ និងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនកម្ពុជាគ្រប់គ្នា អ្វីដែលពិសេស ការទទួលបានដូសទី៣ គឺជាដូសជំរុញដ៏សំខាន់ សម្រាប់ពួកខ្ញុំជាកីឡាករ សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុក ឬចេញទៅប្រកួតក្រៅស្រុក ដើម្បីបង្ការជំងឺកូវីដ-១៩ និយាយរួមគឺផ្ដល់ភាពកក់ក្ដៅដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង»៕