(មេនឆេស្ទើ)៖ ខ្សែបម្រើប្រយុទ្ធ Jack Grealish ទើបរកបានគ្រាប់បាល់លើកដំបូងឲ្យក្រុមថ្មី Manchester City ពេលក្រុមមេឃខៀវឈ្នះ Norwich City ៥ទល់នឹង០ ក្នុងការប្រកួតសប្តាហ៍ទី២ នៃពានលីគកំពូលអង់គ្លេស Premier League នៅរាត្រីថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ESPN នៅថ្ងៃអាទិត្យ ទី២២ ខែសីហា។
សម្រាប់ការរកគ្រាប់បាល់បានលើកដំបូងនេះ Jack Grealish បានអបអរសាទរគ្រាប់បាល់ តាមរយៈការយកម្រាមដៃរបស់គាត់ដាក់ចូលក្នុងត្រចៀក។ នេះប្រហែលមិនមែនជាគ្រាប់បាល់ ដែលខ្សែបម្រើប្រយុទ្ធរូបនេះចង់បានទេ ព្រោះគ្រាប់បាល់កើតឡើង ពេលហោះត្រូវនឹងជង្គង់របស់គាត់ ប៉ុន្តែវាបានជួយឲ្យ Man City ឈ្នះយ៉ាងទំនុកចិត្តលើ Norwich City ក្នុងលទ្ធផល ៥ទល់នឹង០។
ក្រោយចាញ់ក្រុម Tottenham Hotspur ក្នុងសប្តាហ៍ទី១ នៃលទ្ធផល ១ទល់នឹង០ ក្រុមមេឃខៀវហាក់មិនប្រណីដៃ ពេលប៉ះជាមួយ Norwich City ដោយបញ្ចប់ក្នុងលទ្ធផល ៥ទល់នឹង០ នៅសប្តាហ៍ទី២ ខណៈភាគីប្រកួតស៊ុតបានតែ ១ជើងគត់ ហើយខុសគោលដៅទៀត។ គ្រាប់បាល់ទី១ កើតឡើងដោយគ្រាប់ចូលទីខ្លួនឯងនៅនាទីទី៧ ដោយកីឡាករចាំទី Norwich City ឈ្មោះ Tim Krul បន្ទាប់ពី Manchester City ដាក់សម្ពាធខ្លាំងពេក។
គ្រាប់ទី២ កើតឡើងនៅនាទីទី២២ ដោយកីឡាករ Jack Grealish គ្រាប់ទី៣ កើតឡើងនៅនាទីទី៦៤ ដោយកីឡាករ Aymeric Laporte គ្រាប់ទី៤ កើតឡើងនៅនាទីទី៧១ ដោយកីឡាករ Raheem Sterling និងគ្រាប់ទី៥ កើតឡើងនៅនាទីទី៨៤ ដោយកីឡាករ Riyad Mahrez។
សូមជម្រាបថា ក្លិបបាល់ទាត់មេឃខៀវ Manchester City បានចុះសន្យាទិញយកកីឡាករខ្សែបម្រើប្រយុទ្ធ Jack Grealish ពីក្លិបរួម Premier League ដូចគ្នាគឺ Aston Villa ក្នុងតម្លៃប្រមាណ ១០០លានផោន។ កីឡាករអន្តរជាតិអង់គ្លេសខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅទឹកដី Etihad ក្នុងរយៈពេល ៦ឆ្នាំ ដោយពាក់អាវលេខ១០ ដែលជាលេខអាវរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ដែលបានផុតកិច្ចសន្យាជាមួយ City និងចាកចេញទៅលេងឲ្យក្លិបអេស្ប៉ាញ FC Barcelona៕