(កាប៊ុល)៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានសរសេរសារផ្ញើទៅកាន់បណ្តាប្រទេសនានា ដើម្បីស្នើសុំឲ្យមានការជម្លៀសក្រុមកីឡាការិនីជម្រើសជាតិអាហ្វហ្គានីស្ថានជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។
ការអំពាវនាវខាងលើបានធ្វើឡើង បន្ទាប់ពីក្រុមកីឡាការិនីទាំងនោះនិយាយថា ពួកគេមានការភ័យខ្លាច បន្ទាប់ពីក្រុមតាលីបង់កាន់កាប់រដ្ឋធានីកាប៊ុល។
ស្របពេលជាមួយគ្នានេះ សមាគមសហព័ន្ធកីឡាបាល់ទាត់អាជីពអន្តរជាតិ (FIFPRO) បានអះអាងថា ខ្លួនបានធ្វើការជាមួយបណ្តារដ្ឋាភិបាលនានា ដើម្បីបង្កើតគម្រោងជម្លៀសដោយបញ្ជាក់ថា «យើងចង់នាំមកនូវសុវត្ថិភាពដល់ប្រជាជនជាច្រើនតាមដែលអាចធ្វើបាន»។
ចំណែកឯ FIFA ក៏បានបន្ថែមថា ស្ថានភាពនៅអាហ្វហ្គានីស្ថាន «កំពុងតែអស្ថិរភាព និងគួរឲ្យបារម្ភ»។
ថ្មីៗនេះ Shabnam Mobarez ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថានផ្នែកស្ត្រីបានអំពាវនាវដល់ FIFA ជួយសង្គ្រោះក្រុមរបស់ខ្លួន ក្រោយពួកតាលីបង់ គ្រប់គ្រងរដ្ឋធានីកាប៊ុល។ យ៉ាងនេះក្តី នៅដើមសប្តាហ៍មុន ក្រុមតាលីបង់បានប្រកាសពីការគោរពសិទ្ធិស្ត្រី ប៉ុន្តែប្រជាជនអាហ្វហ្គានីស្ថានមួយចំនួន ដែលមិនទុកចិត្តដោយខ្លួនឯងថា ពួកគេនឹងមិនរក្សាសន្យា ក៏នាំគ្នាប៉ងរត់គេចពីប្រទេសនេះ។
លោក Zabihullah Mujahid ដែលជាអ្នកនាំពាក្យក្រុមតាលីបង់បានសន្យាថា ក្រុមរបស់ខ្លួននឹងគោរពសិទ្ធិស្ត្រី ដោយអនុលោមតាមច្បាប់សាសនាអ៉ីស្លាមយ៉ាងល្អិតល្អន់។ ក្រុមតាលីបង់ ថែមទាំងជំរុញឲ្យស្ត្រីឲ្យចូលធ្វើការ និងអនុញ្ញាតឲ្យស្ត្រីអាចទៅសាលាបានផងដែរ។
ដោយសារឥទ្ធិពលសង្គ្រាមនេះហើយ បានធ្វើឲ្យអតីតយុវជនបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថានផ្នែកបុរសម្នាក់ ឈ្មោះ Zaki Anwari ស្លាប់យ៉ាងអាណោចអធម ដោយសារធ្លាក់ពីលើយន្តហោះជម្លៀសខ្លួន របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ បំបែកសាកសព ត្រូវបានប្រទះឃើញ នៅលើសន្ទះកង់យន្តហោះ ពេលយន្តហោះ ចុះចតនៅកាតា។
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិស្ត្រីវិញ ពេលក្រុមតាលីបង់ កាន់កាប់អំណាចនៅរដ្ឋធានីកាលប៊ុល លើកដំបូង នាឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ មុនពេលសហរដ្ឋអាមេរិកឈ្លានពានដូចសព្វថ្ងៃនេះ បណ្តាញសារព័ត៌មានអាមេរិក និងលោកខាងលិចបានវាយប្រហារថា ក្រុមតាលីបង់រំលោភសិទ្ធិស្ត្រី តាមរយៈមិនអនុញ្ញាតឲ្យពួកគេទៅសិក្សា ទៅធ្វើការ ឬទទួលបានការព្យាបាលដោយពេទ្យបុរស លើកលែងតែមានបុរសទៅជាមួយ ស្របពេលក្រុមតាលីបង់ថាខ្លួនយកច្បាប់អ៉ីស្លាមដ៏ល្អ មកដឹកនាំប្រទេស ដូចពួកអារ៉ាប់ក៏ដោយ៕