(ភ្នំពេញ)៖ មេរោគក្រពះ (H Pylori) គឺជាកត្តាបង្កហេតុមួយនៃវិបត្តិរំលាយអាហាររ៉ាំរ៉ៃលើមនុស្សគ្រប់វ័យ។ វាអាចបង្កជាការរលាកក្រពះស្រួចស្រាវ /រ៉ាំរ៉ៃ ដំបៅក្រពះ និងអាចឈានដល់មហារីកក្រពះ។

លោកវេជ្ជបណ្ឌិត តាំង ហ្វុនសាំង ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះថា ការធ្វើរោគវិនិច្ឆ័យមួយដែលមិនត្រឹមត្រូវ និងពិសាថ្នាំសម្លាប់មេរោគក្រពះ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ជាទំលាប់ដែលធ្វើឱ្យមានបញ្ហាក្រពះកាន់តែមានភាពរ៉ាំរ៉ៃ និងការវិវត្តន៍ធ្ងន់ធ្ងរដោយការធ្វើទុក្ខនៃថ្នាំផ្សះ និងអាចឈានដល់ការសុំាថ្នាំផ្សះជាដើម។

បច្ចុប្បន្នការធ្វើតេស្ត ដែលមានសុក្រិតភាពល្អប្រើប្រាស់ប្រចាំថ្ងៃ រួមមាន៖
*ការធ្វើតេស្តលាមក (H pylori stool antigen testing)
*ការផ្លុំខ្យល់ដង្ហើម (Urea breath test)
*ការឆ្លុះក្រពះច្រឹបសាច់ពិនិត្យមេរោគក្រពះភ្លាមៗ ឬការវិភាគជាលិកា (Rapid urease test or Histopathology)។

លោកវេជ្ជបណ្ឌិត តាំង ហ្វុនសាំង បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ សូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានប្រឹក្សា និងការព្យាបាលមួយប្រកបដោយប្រសិទ្ធភាព។

ខាងក្រោមនេះ ជាសញ្ញាបញ្ជាក់ពីមេរោគក្នុងក្រពះ៖
*ចុក ឆ្អល់ ក្នុង ពោះ
*តឹង ណែន ចុង ដង្ហើម
*ក្រហាយ ឬ ក្តៅ នៅ ចុង ដង្ហើម
*លាមក ពណ៌ខ្មៅ និងមាន ឈាម៕