(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា បានធ្វើការផ្ទេរកីឡាករ ២រូបទៅក្លិបបាល់ទាត់ខេត្តព្រៃវែង និងអគ្គិសនីកម្ពុជា ក្រោមលក្ខខណ្ឌខ្ចីជើង រួមមានខ្សែការពារសម្បូរដោយបទពិសោធ ងយ ស្រ៊ីន និងខ្សែការពារវ័យក្មេង ផុន តៃនិញ។
តាមការបញ្ជាក់លើបណ្ដាញសង្គមរបស់ក្រុមសេះជំទង់ខាងលើបានអះអាងថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករ ២រូបខាងលើនៅជុំទី២ នៃលីគកំពូលកម្ពុជានាពេលឆាប់ៗខាងមុខ ដោយកីឡាករ ងយ ស្រ៊ីន ត្រូវផ្ទេរទៅខេត្តព្រៃវែង និងកីឡាករ ផុន តៃនិញ ត្រូវផ្ទេរទៅក្រុមអគ្គិសនីកម្ពុជា។
ទន្ទឹមជាមួយការប្រកាសផ្ទេរពីក្រុមកំពុងឈរកំពូលតារាងនៃលីគកំពូលកម្ពុជា ទៅក្រុមទើបឡើងមកពីលីគទី២ ខេត្តព្រៃវែងខាងលើ កីឡាករ ងយ ស្រ៊ីន ហាក់សប្បាយចិត្ត ដ្បិតរូបគេនៅវិសាខារដូវកាលនេះ រូបគេមិនសូវបានលេងដូចមុននោះទេ។ ងយ ស្រ៊ីន បានសរសេរយ៉ាងខ្លីលើបណ្ដាញសង្គមថា «ស៊ូធ្វើស្ដេចក្រាញ់នៅជំរំតូច តែមិនធ្វើកូនទាហាននៅជំរំធំ»។
សម្រាប់កីឡាករ ងយ ស្រ៊ីន បានចំណាយពេលជាង ៣រដូវកាលមកហើយជាមួយក្រុមវិសាខា ក្រោយផ្ទេរមកពីក្លិបណាហ្គាវើលដ៏ កាលពីដើមឆ្នាំ២០១៨។ ចំណែកកីឡាករ ផុន តៃនិញ ក៏បានចូលរួមជាមួយក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះកាលពីចុងឆ្នាំ២០១៨ ផងដែរ បន្ទាប់ពីរំសាយពីមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី។
គួរដឹងថា បច្ចុប្បន្នវិសាខា កំពុងឈរកំពូលតារាងនៃលីគកំពូលកម្ពុជាបណ្ដោះអាសន្ន ដោយរកបាន ២២ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួត ឈ្នះ៦ ស្មើ៤ មិនទាន់ស្គាល់ពាក្យចាញ់ម្ដងឡើយ៕