(បន្ទាយមានជ័យ)៖ ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការសាខាខេត្តបន្ទាយមានជ័យ ដែលជាសាខាទី២៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ ធនាគារ វឌ្ឍនៈ សាខាខេត្តបន្ទាយមានជ័យ មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់៩ជាន់ ស្ថិតនៅ អគារលេខ៦២១ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីសម្ពោធបើកដំណើរការ ធនាគារ វឌ្ឍនៈ សាខាខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមដោយ អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វឌ្ឍនៈ, អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ, លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ, លោកស្រី ក្រាម បូល័ក្ខ នាយិការសាខាធនាគារជាតិនៃកម្ពុជា ខេត្តបន្ទាយមានជ័យ, ភ្ញៀវកិត្តិយស អ្នកជំនួញ និងគណៈគ្រប់គ្រងធនាគារ វឌ្ឍនៈ។
សាខាខេត្តបន្ទាយមានជ័យ នឹងផ្តល់នូវសេវាធនាគារពាណិជ្ជគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រអាជីវកម្មក្នុងខេត្តក្នុងវិស័យនានា ដូចជាកសិកម្ម អចលនទ្រព្យ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ សាខាខេត្តបន្ទាយមានជ័យ ក៏នឹងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន រួមមាន៖ សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ ជូនដល់ប្រជាជនក្នុងខេត្តផងដែរ។
ផលិតផល និងសេវាកម្ម ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈទទួលបានពានរង្វាន់អន្តរជាតិជាច្រើន រួមមាន៖
១៖ ពានរង្វាន់សេវាធនាគារចល័ត ដែលងាយស្រួលប្រើប្រាស់ជាងគេ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Global Economics ពីចក្រភពអង់គ្លេស
២៖ ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
៣៖ ពានរង្វាន់អភិបាលកិច្ចល្អបំផុត ប្រចាំប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
៤៖ ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
៥៖ ពានរង្វាន់សេវាធនាគារចល័ត ដែលមានភាពច្នៃប្រឌិតជាងគេ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
៦៖ ពានរង្វាន់អភិបាលកិច្ចល្អបំផុត ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
៧៖ ពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេ ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
៨៖ ពានរង្វាន់សេវាកម្មមាសល្អជាងគេ ពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
៩៖ និងពានរង្វាន់សេវាធនាគារចល័ត ដែលល្អជាងគេពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
លោក ឆាយ លឿន ប្រធានធនាគារ វឌ្ឍនៈ សាខាខេត្តបន្ទាយមានជ័យ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ នឹងដឹកនាំបុគ្គលិកធនាគារក្នុងសាខាទាំងអស់ ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។
ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដែលវិនិយោគដោយអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង។ បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកប្រហែល៧០០នាក់ និង២៧សាខា ដែលក្នុងនោះ១២សាខា ស្ថិតនៅរាជធានីភ្នំពេញ និង១៥សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ ស្ថិតនៅអគារវឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ គ្រោងនឹងដាក់ឱ្យដំណើរការសាខាជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕