(ឡាវេហ្គាស)៖ អ្នកជំនាញខាងប្រដាល់សកល ៣រូបបានធ្វើការវិភាគ និងលើកហេតុផលខុសគ្នាៗពីជំនួបដ៏កម្ររវាង Manny Pacquiao និង Yordenis Ugas ដើម្បីដណ្តើមខ្សែក្រវាត់ WBA នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ (ម៉ោងនៅកម្ពុជា)។
ជំនួបដាក់ខ្សែក្រវាត់ WBA Welterweight របស់ Pac Man ទល់នឹង Yordenis Ugas ដែលមានដាក់ខ្សែក្រវាត់ WBA Reguar ផងនោះ នឹងធ្វើឡើងនៅលើសង្វៀនដែលស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិកចាប់ពីម៉ោង ៨៖០០ព្រឹកស្អែកនេះតទៅ ដែលមានផ្សាយបន្តផ្តាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស របស់កម្ពុជាផងដែរ។
ដូចគ្នានោះដែរ មុនការប្រកួតមកដល់ លោក Scott Christ, Wil Esco, Patrick L. Stumbero និងអ្នកគាំទ្រភាគច្រើនបានលើកហេតុមួយចំនួនដែលនឹងអាចកើតឡើងក្នុងការប៉ះគ្នាលើកដំបូងរវាងជើងខ្លាំងទាំងពីរមានដូចទៅ៖
Manny Pacquiao កំពុងស្វែងរកជម្នះលើកទី៦៣ របស់គេក្នុងនាមអ្នកប្រដាល់អាជីព ១រូប។ ដ្បិតវ័យ ៤២ឆ្នាំពិតមែន តែ Pac Man នៅតែជាកីឡាករដ៏ជំនាញ និងវ៉ៃច្បាស់ដដែលនៅពេលខកខានប្រកួត ២៥ខែមកហើយក្តី។ តែយ៉ាងណា កីឡាករអន្តរជាតិហ្វីលីពីនខាងលើនេះ ទំនងជាមិនទទួលបានលទ្ធផលល្អដូចកាលផ្តួល Miguel Cotto កាលឆ្នាំ២០០៩ និងយកឈ្នះ Lucas Matthysse កាលឆ្នាំ២០១៨ ឡើយ ក៏ព្រោះវ័យកាន់តែចាស់ ល្បឿនក៏ធ្លាក់ចុះ គួបផ្សំនឹងកម្លាំងថែមទៀតផង។
មួយវិញទៀត Pac Man មិនជាសូវទទួលបានលទ្ធផលល្អពីចៅក្រមឡើយ ដែលត្រូវបានកាត់ក្តៅឲ្យចាញ់ Tim Bradley កាលឆ្នាំ២០១២ ដោយត្រូវបានចាត់ទុកថា «ជាការប្លន់ជ័យជម្នះ» ទៀតផង និងបន្តបាត់បង់ខ្សែក្រវាត់ WBO ទៅគូប្រជែង Jeff Horn ថែមទៀតផងកាលឆ្នាំ២០១៧។
តែយ៉ាងណា Manny Pacquiao ក៏ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត និងភ្លឺភ្នែកឡើងវិញនៅពេលផ្តួល Keith Thurman យកបានខ្សែក្រវាត់ WBA មកគ្រប់គ្រងដល់បច្ចុប្បន្ននៅ ២ឆ្នាំបន្ទាប់។
ចំណែកឯ Ugas វិញគឺល្អខ្លាំងណាស់នៅឆ្នាំ២០២១ ខុសពី Thurman កាលឆ្នាំ២០១៩ ទៅទៀត។ Ugas មានវ័យទើបតែ ៣២ឆ្នាំ ល្អទាំងកាយសម្បទា កម្លាំង និងភាពរហ័សរហួនថែមទៀតផង ដែលអាចទាយទុកមុនថា នឹងទទួលបានលទ្ធផលល្អពីការប្រកួតនេះ ដ្បិតត្រូវប៉ះជើងខ្លាំងដែលសំបូរបទពិសោធនៅលើទីលានក៏ដោយ។
១៖ លោក Scott Christ ទាយថា Ugas ឈ្នះដោយពិន្ទុ ក្នុងការប្រកួត ១២ទឹកពេញ
២៖ លោក Wil Esco ទាយថា Pacquiao ឈ្នះមិនដល់ ១២ទឹកនោះទេ
៣៖ លោក Patrick L. Stumberg ទាយថា Ugas ឈ្នះមិនដល់ ១២ទឺកដូចគ្នា
៤៖ អ្នកគាំទ្រភាគច្រើន ទាយថា Yordenis Ugas ឈ្នះដោយពិន្ទុមិនឯកច្ឆន គឺលទ្ធផល ២-១៕