(កាប៊ុល)៖ Shabnam Mobarez ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថានផ្នែកស្ត្រី បានអំពាវនាវដល់សហព័ន្ធអន្តរជាតិ FIFA ជួយសង្គ្រោះក្រុមរបស់ខ្លួន ក្រោយពួកតាលីបង់គ្រប់គ្រងរដ្ឋធានីកាប៊ុល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Meaww និងសារព័ត៌មានអន្តរជាតិដទៃទៀតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
ដើមសប្តាហ៍នេះ ក្រុមតាលីបង់បានប្រកាសពីការគោរពសិទ្ធិស្ត្រី ប៉ុន្តែប្រជាជនអាហ្វហ្គានីស្ថានមួយចំនួនដែលមិនទុកចិត្តដោយខ្លួនឯងថា ពួកគេនឹងមិនរក្សាសន្យា ក៏នាំគ្នាប៉ងរត់គេចពីប្រទេសនេះ។
លោក Zabihullah Mujahid ដែលជាអ្នកនាំពាក្យក្រុមតាលីបង់បានសន្យាថា ក្រុមរបស់ខ្លួននឹងគោរពសិទ្ធិស្ត្រី ដោយអនុលោមតាមច្បាប់សាសនាអ៉ីស្លាមយ៉ាងល្អិតល្អន់។ ក្រុមតាលីបង់ថែមទាំងជំរុញឲ្យស្ត្រីចូលធ្វើការ និងអនុញ្ញាតឲ្យស្ត្រីអាចទៅសាលាបានផងដែរ។
យ៉ាងនេះក្តី Shabnam Mobarez អាយុ ២៥ឆ្នាំ ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិកបានអំពាវនាវដល់ FIFA ធ្វើអន្តរាគមន៍ និងសង្គ្រោះ ក្រុមរបស់នាង។
នាងបានបង្ហោះសារលើ Twitter យ៉ាងដូច្នេះថា «ត្រូវតែធ្វើសកម្មភាពជួយក្រុមរបស់ខ្ញុំ។ ពួកគេ គឺជាបងប្អូនស្រីរបស់ខ្ញុំ»។
ដោយសារឥទ្ធិពលសង្គ្រាមនេះហើយ បានធ្វើឲ្យអតីតយុវជនបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថានផ្នែកបុរសម្នាក់ ឈ្មោះ Zaki Anwari ស្លាប់យ៉ាងអាណោចអធម ដោយសារធ្លាក់ពីលើយន្តហោះជម្លៀសខ្លួនរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ បំណែកសាកសពត្រូវបានប្រទះឃើញ នៅលើសន្ទះកង់យន្តហោះ ពេលយន្តហោះចុះចតនៅកាតា។
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិស្ត្រីវិញ ពេលក្រុមតាលីបង់កាន់កាប់អំណាចនៅរដ្ឋធានីកាលប៊ុល លើកដំបូងនាឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ មុនពេលសហរដ្ឋអាមេរិកឈ្លានពានដូចសព្វថ្ងៃនេះ បណ្តាញសារព័ត៌មានអាមេរិក និងលោកខាងលិចបានវាយប្រហារថា ក្រុមតាលីបង់រំលោភសិទ្ធិស្ត្រី តាមរយៈមិនអនុញ្ញាតឲ្យពួកគេទៅសិក្សា ទៅធ្វើការ ឬទទួលបានការព្យាបាលដោយពេទ្យបុរស លើកលែងតែមានបុរសទៅជាមួយ ស្របពេលក្រុមតាលីបង់ថា ខ្លួនយកច្បាប់អ៉ីស្លាមដ៏ល្អមកដឹកនាំប្រទេស ដូចពួកអារ៉ាប់ក៏ដោយ៕