(ភ្នំពេញ)៖ ទីបំផុត តារាចម្រៀងសំនៀងពីរោះ ក្នុងផលិតកម្មសាន់ដេ ចូលចិត្តបង្ហាញភាពសិចស៉ី បញ្ចេញសាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលន់ លើបណ្តាញសង្គម គឺកញ្ញា វីរៈ និច្ច បន្ទាប់ពីបានរកឃើញស្នេហ៍ពិត និងបានភ្ជាប់ពាក្យជាផ្លូវការរួចហើយនោះ នៅពេលនេះស្រីស្អាត វីរៈ និច្ច បានចាប់ផ្ដើមបញ្ចេញរូបថត «Pre-Wedding» ជាលើកដំបូងជាច្រើនសន្លឹក ដែលធ្វើឲ្យបុរសៗមួយចំនួន ដែលធ្លាប់បង់លង់ចិត្តស្រឡាញ់លើរូបនាង នាពេលកន្លងមក កើតចិត្តច្រណែនគូដណ្ដឹងរបស់នាង ដែលមានវាសនាបានថ្នាក់ថ្នមបមបី ដឹកដៃសាងអនាគតជាមួយតារារូបនេះ យ៉ាងពិតប្រាកដ។
ជាការពិត បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំ ដោយគូស្នេហ៍របស់ស្រីស្អាត វីរៈ និច្ច ត្រូវបានគេស្គាល់ថា ជាថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅក្រុងកំពង់សោម នាខេត្តព្រះសីហនុ និងបាននាំចាស់ទុំមកចូលចែចូវចូលស្ដីដណ្ដឹង តាមច្បាប់ប្រពៃណីខ្មែរកាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ។
ក្រុមគ្រួសារតារាចម្រៀង វីរៈ និច្ច ធ្លាប់បានថ្លែងប្រាប់ Fresh News Plus ថា គូដណ្តឹងរបស់កញ្ញា វីរៈ និច្ច មិនមែនអ្នកសិល្បៈនោះទេ ពោលគឺជាថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅក្រុងកំពង់សោម ដែលមានឈ្មោះថា ខៀវ ពេជ្រ អាយុ២៩ឆ្នាំ។ អ្នកទាំងពីរ មិនមែនចាស់ទុំផ្សំផ្គុំនោះទេ ពោលគឺបានស្រឡាញ់ស្វែងយល់ និងមើលចិត្តថ្លើមគ្នាទៅវិញទៅមក ជាយូរឆ្នាំមកហើយ។ ចំពោះថ្ងៃមង្គលការ គឺមានគម្រោងធ្វើធំដុំ នៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១នេះ ប៉ុន្តែដោយសារស្ថានភាពនៃកូវីដ-១៩ មិនទាន់ធូរស្បើយ គឺមានតែធ្វើទៅតាមកាលៈទេសៈប៉ុណ្ណោះ ហើយក្រុមគ្រួសារទាំងសងខាងក៏បានយល់ស្រប ព្រមព្រៀងគ្នារួចរាល់ហើយដែរ។
គួររំឭកថា តារាចម្រៀងស្រីវ័យក្មេង កញ្ញា វីរៈ និច្ច តែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង លើរាងតូចស្រឡូនរបស់នាង ដោយជាញឹកញាប់នាងតែងបង្ហោះរូបថត ស្ទីលប្លែកៗមើលទៅស៉ិចស៊ីខ្លាំង ខណៈបច្ចុប្បន្ននេះ នាងក៏កំពុងក្តោបប្រជាប្រិយក្នុងរង្វង់សិល្បៈខ្លាំងមិនធម្មតា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្មួយស្រីរបស់តារាចម្រៀង ខាន់ ជេមស៍ គឺកញ្ញា វីរៈ និច្ច កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង លើទ្រនំផលិតកម្ម សាន់ដេ ដោយបទចម្រៀងថ្មីៗរបស់នាង បានចេញជាហូរហែ។
តួយ៉ាងលើបណ្តាញសង្គមហ្វេសប៊ុក និងអ៉ីនស្ត្រាក្រាមផ្លូវការ របស់តារាចម្រៀងម្ចាស់បទ «សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ» វ័យក្មេងនេះ តែងតែបង្ហោះរូបថតក្នុងឈុតសម្លៀកបំពាក់បែបស៉ីវិល័យ ជាមួយស្ទីលថតរូបប្លែកៗ ដែលបង្ហាញរាងចង្កេះមួយក្តាប់ បញ្ចេញល្វែងលើ ឬខ្នងពិតជាទាក់ទាញ រហូតជាប់ឈ្មោះជាតារាស្រីវ័យក្មេងសម្បូរស្ទីលតុបតែងខ្លួន ក្នុងចំណោមតារាស្រីល្បីៗជាច្រើនទៀត ក្នុងចង្កោមសិល្បៈស្រុកខ្មែរ ដោយភាគច្រើន នាងនិយមស្លៀកពាក់បែបវាលៗបញ្ចេញសាច់ និងរូបរាងដងខ្លួនរបស់នាងយ៉ាងស្រឡូន គួរឲ្យគ្រឺតខ្នាញ់៕