(អាមេរិក)៖ ចាប់តាំងពីកូវីដ១៩ បានរីករាលដាលជំវិញពិភពលោកមក ក្រុមហ៊ុន Apple បានអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួន អាច ធ្វើការពីផ្ទះមក ដើម្បីកាត់បន្ថយការឆ្លង និងបានកំណត់ឱ្យចូលបម្រើការងារនៅការិយាល័យវិញនៅក្នុងអំឡុងខែតុលាខាងមុន ប៉ុន្តែនៅពេលនេះ Apple បានពន្យារពេលរហូតដល់ខែមករា ឆ្នាំ២០២២ ទើបឱ្យមកធ្វើការនៅការិយាល័យវិញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយសារតែជំងឺកូវីដ១៩ បានបន្តរាតត្បាតយ៉ាងខ្លាំង ជាពិសេសគឺមេរោគបំប្លែងខ្លួនថ្មីនោះ ក្រុមហ៊ុន Apple បានពន្យារពេលឱ្យបុគ្គលិក ធ្វើ ការ នៅផ្ទះរហូតដល់ខែមករា ឆ្នាំ២០២២។
នៅមុននេះ ក្រុមហ៊ុន Apple បានប្រកាសថា បុគ្គលិកដែលបម្រើការងារនៅផ្ទះអាចនឹងត្រូវត្រឡប់មកកាន់ការិយាល័យវិញនៅចន្លោះខែ តុលា និងវិច្ឆិកា ប៉ុន្តែស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្តកើនឡើងនោះ ទើបសម្រេចជាផ្លូវការពន្យារពេលយ៉ាងហោចណាស់ ដល់ ខែមករា ឆ្នាំ២០២២ ឬអាចបន្តការពន្យារពេលទៀត ទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងការិយាល័យគឺ Apple ត្រូវឱ្យពាក់ម៉ាស់ និង ទទួលបានការចាក់វ៉ាក់សាំងទើបអនុញ្ញាតឱ្យ ចូល ធ្វើការ ខណ:ដែលបុគ្គលិកដែលបម្រើការងារនៅតាមហាងលក់ទំនិញ (Store) រួមតាំងអតិថិជនគឺតម្រូវឱ្យពាក់ម៉ាស់ និងទទួលបានការចាក់វ៉ាក់សាំងទើបអនុញ្ញាតឱ្យចូលដូចគ្នា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិកដូចជា Facebook, Amazon , Google និង Microsoft ជាដើមបាន ពន្យារពេល ឱ្យបុគ្គលិកចូលធ្វើការនៅការិយាល័យវិញរហូតដល់ដើមឆ្នាំក្រោយ និងតម្រូវឱ្យបុគ្គលិកពាក់ម៉ាស់ និង ទទួលបានការចាក់វ៉ាក់សាំងទើប ចូល ធ្វើការនៅការិយាល័យបាន៕