(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រៀមបង្ហាញកីឡាករចំណូលថ្មីនាចុងសប្ដាហ៍នេះ ដើម្បីត្រៀមការប្រកួតប្រជែងថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ (ជុំទី២) បន្ទាប់ពីប្រកាសចែកផ្លូវជាមួយខ្សែបម្រើប្រេស៊ីល Thiago de Jesus កាលពីម្សិលមិញ ។

នេះជាលើកទី២ ហើយ ដែលព្រះខ័នរាជស្វាយរៀង បានចែកផ្លូវជាមួយ Thiago ដ្បិតលើកទី១ បន្ទាប់ពីរួមចំណែកជួយក្រុមឈ្នះជើងឯករងលីគឆ្នាំ២០២០ ខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ ត្រូវបានលោកក្រុមលោក Conor Nestor ប្រកាសចែកផ្លូវម្ដង តែបាននាំចូលវិញ កាលពីដើមរដូវកាលឆ្នាំ២០២១ មុនប្រកាសចែកផ្លូវជាថ្មីពេលនេះ ក្រោយរួមចំណែកជួយក្រុមបានជិត ១ជុំ ។

ក្រោយការចាកចេញរបស់ Thiago ក្រុមមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ បានប្រកាសត្រៀមចុះកុងត្រាជាមួយកីឡាករថ្មីភ្លាមៗ ខណៈមានព័ត៌មានចរចាមអារ៉ាមថា សមាជិកថ្មីដែលត្រៀមបំពេញកូតាកីឡាករបរទេសរបស់អតីតក្រុមជើងឯក ២សម័យនេះ ជាប្អូនប្រុសបង្កើតរបស់ខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូន Privat Mbarga គឺកីឡាករ Emmanuel Junior Mbarga Mkene ដែលធ្លាប់លេងឲ្យក្លិប Agueda នៅព័រទុយហ្គាល់ និងក្លិប Tour FC នៅបារាំង ។

Emmanuel Junior Mbarga Mkene ត្រូវបានគេដឹងថា បានធ្វើដំណើរមកដល់កម្ពុជា ១ខែមកហើយ ពិសេសត្រូវបានគេប្រទះឃើញហ្វឹកហាត់ហ្វឹកហាត់ជាមួយក្លិបបងប្រុសរបស់ខ្លួន គឺក្លិបព្រះខ័នរាជស្វាយរៀងទៀតផង ។ អាស្រ័យហេតុនេះ ស្របពេលព្រះខ័នរាជស្វាយរៀង ចែកផ្លូវជាមួយកីឡាករ Thiago ហើយត្រៀមប្រកាសចុះកុងត្រាកីឡាករថ្មី អ្នកគាំទ្របានដាក់ការសង្ស័យខ្ពស់ថា សមាជិកថ្មីក្រុមកំពុងឈរលេខរៀងទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ គឺជាប្អូនប្រុសរបស់កីឡាករ Privat Mbarga ។

គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង នៅសល់កីឡាករបរទេសក្នុងដៃ ៤នាក់ រួមមានកីឡាករ Privat, ខ្សែប្រយុទ្ធអេស្ប៉ាញ Miguel Angel Junco Martinez (ហៅ Mika), ខ្សែប្រយុទ្ធសេណេហ្គាល់ Robert Lopez Mendy និងខ្សែបម្រើជប៉ុន Daisuke Kobayashi ៕