(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងឈានមុខគេលំដាប់ពិភពលោក Tesla នៅពេលនេះបានប្រកាសបង្ហាញគម្រោងបង្កើត «គំរូមនុស្សយន្ត» នៅឆ្នាំបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១។

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា «គំរូមនុស្សយន្ត» នេះ មានឈ្មោះថា «Tesla Bot» ដោយវានឹងបង្ហាញខ្លួននៅឆ្នាំបន្ទាប់ ខណៈដែលនៅលើកវេទិកា លោក Elon Musk បានបង្ហាញគំរូមនុស្សយន្ត ដែលមានរូបរាងដូចមនុស្ស។

លោក Elon Musk បានលើកឡើងថា «យើងមានបច្ចេកវិទ្យា និងអ្វីដែលអស្ចារ្យជាច្រើន ដូច្នេះយើងគឺអាចបង្កើតវាបាន ដូចអ្វីដែលអ្នកកំពុងឃើញនៅទីនេះ (គំរូមនុស្សយន្តនៅលើវេទិកា)។

មហាសេដ្ឋីដែលមានខួរក្បាល និងការគិតខុសប្លែកពីគេរូបនេះបានបន្ថែមទៀតថា «Tesla Bot» នៅពេលនេះគឺបានបញ្ចប់ការរចនារូបរាង និងកាយវិការ ហើយអ្វីដែលអស្ចារ្យនោះគឺថា «Tesla Bot» មិនមានកាយវិការដូចមនុស្សយន្តនោះទេ ប៉ុន្តែវាគឺដូចមនុស្សពិតៗតែម្ដង។

គោលបំណងសំខាន់របស់លោក Elon Musk ដែលបង្កើត «Tesla Bot» ចង់លុបបំបាត់ការងារដែលកើតមានឡើងនូវគ្រោះថ្នាក់ដល់មនុស្ស និងកាត់បន្ថយការងារដែលធ្វើឲ្យមានភាពធុញទ្រាន់។

តាមការបញ្ជាក់របស់លោក Elon Musk ក៏បានឲ្យដឹងដែរថា «Tesla Bot» មិនមែនបង្កើតឡើងដើម្បីជួយសម្រួលការងារ ឬប្រើនៅក្នុងរោងចក្ររបស់ Tesla នោះទេ ប៉ុន្តែអ្នកអាចស្រមៃថា មនុស្សយន្តមួយនេះអាចទៅផ្សារ និងទិញទំនិញតាមការបញ្ជារបស់អ្នក តើវានឹងល្អយ៉ាងណា៕