(អាមេរិក)៖ តារាហូលីវូដល្បីឈ្មោះបោះសំឡេង លោក Daniel Craig ដែលទស្សនិកជនភាគច្រើនស្គាល់ថា លោកជាតួអង្គភ្នាក់ងារ James Bond 007 នោះ បានប្រកាសក្ដែងៗថា លោកនឹងមិនចែកទ្រព្យសម្បត្តិ ដ៏មហាសាលរបស់ខ្លួន ដល់កូនៗនោះទេ ដោយសារតែរូបលោកយល់ឃើញថា ការចែកទ្រព្យឲ្យកូនចៅ គឺជារឿងមិនចាំបាច់ និងគួរឲ្យស្អប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
ការលើកឡើងបែបនេះ ពីសំណាក់តារាហូលីវូដវ័យ៥៣ឆ្នាំ Daniel Craig គឺធ្វើឡើង តាមរយៈការផ្តល់បទសម្ភាសន៍ ជាមួយទស្សនាវដ្ដីអង់គ្លេសឈ្មោះថា Candis (ខេនឌីស) កាលពីពេលថ្មីៗនេះ។ តួអង្គ James Bond 007 រូបនេះ បាននិយាយថា «ខ្ញុំមិនចង់ទុកទ្រព្យសម្បត្តិ ឬប្រាក់របស់ខ្ញុំ ទៅ (ក្មេងជំនាន់ក្រោយ) កូនៗនោះទេ»។
តារាល្បីរូបនេះបានបន្តថា សម្រាប់លោកផ្ទាល់ ការចែកកេរមរតក គឺជារឿងគួរឲ្យស្អប់ ហើយទស្សនៈរបស់លោក គឺចង់ចាយវាយទ្រព្យឲ្យអស់ ឬបរិច្ចាគទ្រព្យទាំងនោះ មុនលោកចែកឋានទៅ។
គួរជម្រាបថា បើតាមការប៉ានស្មាន តួអង្គ James Bond 007 រូបនេះមានប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។ លោកក៏ត្រូវបានគេដឹងថា មានកូនស្រីអាយុ២៩ឆ្នាំម្នាក់ ដែលជាកូនប្រពន្ធមុន និងមានកូនតូចវ័យ៣ឆ្នាំម្នាក់ ក្រោយពីការរៀបការជាមួយនឹងតារាស្រី Rachel Weisz (រ៉ាឆែល វីស)។ បន្ថែមពីនេះ សេចក្តីរាយការណ៍មួយក៏បានឲ្យដឹងថា តារារូបនេះទទួលបានតម្លៃខ្លួន ២៥លានដុល្លារ សម្រាប់ការវិលត្រឡប់សម្ដែងជាតួ James Bond ជាលើកចុងក្រោយក្នុងភាពយន្ត «No Time to Die» ដែលគ្រោងនឹងចាក់បញ្ចាំងតាមរោងកុន ចាប់ពីថ្ងៃទី៣០ ខែកញ្ញាខាងមុខ៕