(កាប៊ុល)៖ អតីតកីឡាករជម្រើសជាតិអាហ្វហ្គានីស្ថានម្នាក់ បានស្លាប់នៅក្បែរជើងយន្តហោះអាមេរិក US Air Force ដែលហោះចេញយ៉ាងប្រញាប់ប្រញាល់ ពីរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដោយសារពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើន សម្រុកឡើងយន្តហោះជម្លៀសខ្លួន ដើម្បីព្យាយាមគេចពីក្រុមតាលីបង់ ដែលបានគ្រប់គ្រងប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន News York Post និងសារព័ត៌មានអន្តរជាតិដទៃទៀត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

បើតាមប្រភពពី East2West News, បំណែកសាកសពនៃអតីតយុវជនខាងលើ ឈ្មោះ Zaki Anwari អាយុ ១៩ឆ្នាំ ត្រូវបានរកឃើញ ពេលដែលយន្តហោះ C-17 Globemaster ចុះចតនៅទីក្រុងកាតារ។

អតីតអត្តពលិកខាងលើ បានរស់នៅទីក្រុងកាប៊ុល និងបានចូលរៀននៅវិទ្យាល័យ Franco-Afghan Esteghlal ។ ដោយសារមានទេពកោសល្យ នៅពេលអាយុ ១៦ឆ្នាំ គាត់បានលេងឲ្យជម្រើសជាតិ ក្នុងនាមជាយុវជន។

មិត្តភក្តិរបស់ Anwari ក៏បានបង្ហាញពីការសោកស្តាយចំពោះការស្លាប់នេះ តាមរយៈការបង្ហោះសារលើបណ្តាញសង្គមថា «យើងកើតមកពីព្រះជាម្ចាស់ ហើយឥឡូវនេះ យើងត្រឡប់ទៅរកព្រះជាម្ចាស់វិញ»

បន្ថែមលើនេះ ជម្រើសជាតិអាហ្វហ្គានីស្ថាន ក៏បានប្រកាសជាផ្លូវការ ពីការស្លាប់យុវជនខាងលើ តាមរយៈ Facebook របស់ខ្លួនថា «២ថ្ងៃបន្ទាប់ និងក្រោយពីក្រុមតាលីបង់ កាន់កាប់ទីក្រុងកាប៊ុល Anwari បានជិះលើកង់នៃយន្តហោះអាមេរិក ដើម្បីស្វែងរកអនាគតដ៏ប្រសើរ ជាមួយមនុស្សប៉ុន្មាននាក់ទៀត ដែលបានធ្លាក់ស្លាប់ ខណៈពេលដែលយន្តហោះកំពុងដំណើរការ»

បើតាមវីដេអូដ៏រន្ធត់លើបណ្តាញសង្គម គេឃើញមានប្រជាជនអាហ្វហ្គានីស្ថានជាច្រើន រត់តោងយន្តហោះអាមេរិក ដើម្បីព្យាយាមភៀសខ្លួន។ ភ្លាមៗនោះ មានមនុស្ស ២នាក់ ក៏បានធ្លាក់ស្លាប់ភ្លាមៗផងដែរ៕