(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានបង្កើតកញ្ចប់ទឹកប្រាក់ ៥លានដុល្លារអាមេរិក និងបានជ្រើសរើសអ្នកកាសែតឯករាជ្យក្នុងស្រុកចំនួន ២៥នាក់ ដើម្បីសរសេរអត្ថបទសារព័ត៌មាន ជាមួយនឹងកុងត្រារយ:ពេលច្រើនឆ្នាំ។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
បណ្ដាញសង្គមយក្សមួយនេះ បាន ប្រកាសបង្ហាញគម្រោង Bulletin និងដាក់ឱ្យដំណើរការកាលពីខែមិថុនាកន្លងទៅនេះ ដែលវាជាគម្រោង មួយ ក្នុងការផ្ដល់លទ្ធិភាពដល់អ្នកកាសែតឯករាជ្យទាំងអស់មានឱកាសបង្កើនប្រាក់ចំណូល តាមរយ:ការចុះកុងត្រាជាមួយនឹង Facebook ក្នុងការសរសេរអត្ថបទសារព័ត៌មាន។
Bulletin វាគឺជាគម្រោងថ្មីមួយដាច់ដោយឡែកពី Facebook ដែលវាផ្ដល់សេវាកម្មទៅលើការចុះឈ្មោះជាវអត្ថបទសារព័ត៌មានប្រចាំខែ (newsletter subscription) ដោយឥតគិតថ្លៃ និងបង់ប្រាក់ ទៅតាមការចង់បានរបស់អ្នកប្រើប្រាស់។ គម្រោងមួយនេះត្រូវបាន Facebook បញ្ជាក់ថា បង្កើតឡើងដើម្បីផ្ដល់នូវព័ត៌មានពិត ព័ត៌មានចំណេះដឹង និងបង្កើនប្រាក់ចំណូលដល់អ្នកកាសែតឯករាជ្យ។
គិតមកដល់ពេលនេះ គម្រោង Bulletin មានអ្នកកាសែតឯករាជ្យប្រមាណជិត ១០០នាក់ហើយ ដែលកំពុងបម្រើការងារ ខណ:ដែល តាម ផែនការគឺ Facebook គ្រោងជ្រើសរើសច្រើនបំផុតតាមលទ្ធិភាពអាចធ្វើទៅបាន និងជាពិសេសគឺជ្រើសរើសតាមតំបន់ផ្សេងគ្នាទៀងផង។
ពាក់ព័ន្ធនឹងគម្រោងនេះផងដែរ ក្រុមហ៊ុន Facebook បានក៏បានជ្រើសរើសអ្នកដែលមានបទពិសោធន៍ និងជំនាញទៅលើវិស័យសារព័ត៌មាន ជាច្រើនរូបមកពីស្ថាប័នព័ត៌មានល្បីៗដើម្បីធ្វើការគ្រប់គ្រង និងត្រួតពិនិត្យទៅលើអត្ថបទសារព័ត៌មានផ្សេងៗរបស់អ្នកកាសែតឯករាជ្យផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះ Facebook បានប្រឈមមុខនឹងពាក្យបណ្ដឹងពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី ពាក់ព័ន្ធនឹងការ ប្រើប្រាស់មាតិកាព័ត៌មានរបស់ស្ថាប័នព័ត៌មានក្នុងស្រុកដោយគ្មានការអនុញ្ញាត និងបានទាមទារឱ្យបង់ប្រាក់ពិន័យ ព្រមទាំងជំរុញឱ្យ Facebook វិនិយោគទុកប្រមាណ ១ពាន់លានដុល្លារអាមេរិកលើវិស័យឧស្សាហកម្មព័ត៌មាននៅក្នុងតំបន់ថែមទៀតផង៕