(ភ្នំពេញ)៖ ក្រុមកីឡាករទោចក្រយានជម្រើសជាតិកម្ពុជា (ផ្នែកកង់គួក) ៣រូប រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ បានបន្ដចូលរួមការប្រកួតអន្ដរជាតិថ្មីមួយទៀតហើយ គឺការប្រកួតកង់គួកពានរង្វាន់ CCC Tour Grody Piastowskie UCI Europe Tour កម្រិត ២.២ នៅប្រទេសប៉ូឡូញ។ ការប្រកួតនេះធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែសីហា ឆ្នាំ២០២១។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជាក់ប្រាប់ Fresh News Plus ថា នេះគឺជាលើកទី៤ ហើយ ដែលក្រុមកីឡាករកង់គួកកម្ពុជា បានចូលរួមការប្រកួតអន្ដរជាតិនៅអឺរ៉ុប បន្ទាប់ពីពួកគេបានចេញទៅបោះជំរុំហ្វឹកហាត់ជាង ២ខែកន្លងទៅ នៅប្រទេសបារាំង ហើយក៏អាចជាការប្រកួតចុងក្រោយរបស់អត្តពលិកត្រៀមស៊ីហ្គេមកម្ពុជាផងដែរ ដ្បិតពួកគេត្រឡប់មកមាតុភូមិវិញ នាដើមខែកញ្ញាខាងមុខ ។

យ៉ាងណាមិញ អគ្គលេខាធិការសហព័ន្ធខាងលើ បានចាត់ទុកការចូលរួមនេះ គឺជាឱកាសដ៏ល្អ ដើម្បីដកស្រង់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករទោចក្រយានកម្ពុជា ក្រោយការហ្វឹកហាត់ជាមួយសមាគមកីឡាទោចក្រយានកម្ពុជា Cambodia Cycling Academy នៅប្រទេសបារាំង ព្រោះព្រឹត្តិការណ៍ខាងលើ គឺជាការប្រកួតកម្រិតខ្ពស់ ២.២ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI)។

សូមរំឭកថា ក្រុមកីឡាករទោចក្រយានជម្រើសជាតិ ៣នាក់ខាងលើ បានចេញទៅបោះជំរុំហ្វឹកហាត់នៅបារាំង កាលពីថ្ងៃទី១២ ខែមិថុនា ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ខ្លូត ករណី ដោយទទួលបានការគាំទ្រពីប្រធានសហព័ន្ធលោក ប៉ាន សូរស័ក្ដិ និងទទួលបានការសម្របសម្រួលពីសមាគមខ្មែរកីឡាទោចក្រយាន នៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង៕