(ភ្នំពេញ)៖ ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងតំបន់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន មិត្តហ្វូន ដែលជាប្រតិបត្តិករទូរស័ព្ទឈានមុខគេមួយក្នុងចំណោមប្រតិបត្តិករទូរស័ព្ទធំៗទាំង ៣នៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Viettel Group ដែលជាប្រតិបត្តិករទូរគមនាគមន៍ ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ដើម្បីដាក់ពង្រាយ បង្គោលអង់តែនថ្មីៗបន្ថែមទៀត ក្នុងការពង្រីកបណ្តាញ 2G 3G និង 4G របស់ក្រុមហ៊ុន មិត្តហ្វូនឲ្យបានទូទាំង២៥ រាជធានីខេត្តក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាដៃគូទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់មិត្តហ្វូន ក្រុមហ៊ុន អ៉ីដតខូ នឹងសាងសង់បង្គោលអង់តែនបន្ថែមចំនួន ៥០០កន្លែងទៀត។ កិច្ចព្រមព្រៀងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរពីទស្សនវិស័យនៃអាជីវកម្មរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ដែលនឹងរួមចំណែកយ៉ាងសកម្ម និងមិនអាចខ្វះបានក្នុងការកសាងប្រទេសជាតិ តាមរយៈការពង្រីកបណ្តាញតភ្ជាប់មួយឲ្យកាន់តែប្រសើរ។
លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៉ីដតខូ បានថ្លែងឱ្យដឹងថា អ៉ីដតខូ ប្តេជ្ញាចិត្តផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធរួម ដ៏ត្រឹមត្រូវមួយដើម្បីឆ្ពោះទៅរកការតភ្ជាប់ និងភាពជាដៃគូនៃប្រព័ន្ធទូរគមនាគមន៍ដើម្បីសម្រេចបានទៅតាមផែនការឌីជីថលរបស់ប្រទេសជាតិ។ ភាពជាដៃគូជាមួយ មិត្តហ្វូននាពេលនេះ នឹងអាចជួយក្នុងការគាំទ្រដល់តម្រូវការទំនាក់ទំនង និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ស្របពេលជាមួយគ្នានេះ ក៏នឹងធ្វើឱ្យបណ្តាញ ទូរគមនាគមន៍ នៅកម្ពុជាកាន់តែមានភាពងាយស្រួល។ សំខាន់ជាងនេះទៅទៀត វាគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តក្នុងការដើរតួយ៉ាងសំខាន់ ដើម្បីក្លាយជាដៃគូអភិវឌ្ឍ វិស័យឌីជីថលនៅក្នុងប្រទេសដែល អ៉ីដតខូកំពុងធ្វើប្រតិបត្តិការ។
លោកបានបន្តថា ភាពជាដៃគូនេះពិតជាសំខាន់ណាស់ ព្រោះឥឡូវនេះអ៉ីដតខូ ខេមបូឌា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេ ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន អ៉ីដតខូ នឹងបន្តផ្តល់ជូនដំណោះស្រាយងាយស្រួលដល់អតិថិជន ដោយមិនត្រឹមតែជួយសម្រួលដល់ការពង្រីកបណ្តាញតភ្ជាប់ ទូរស័ព្ទប៉ុណ្ណោះទេ ថែមទាំងបានបង្កើនប្រសិទ្ធភាពប្រតិបត្តិការតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗចុងក្រោយទៀតផង។
ភាពជាដៃគូដ៏រឹងមាំជាមួយសាជីវកម្មដែលមានទស្សនៈដូចគ្នានៅក្នុងប្រព័ន្ធទូរគមនាគមន៍នេះ គឺជាគន្លឹះឈានឆ្ពោះទៅរកការផ្តល់សេវាកម្ម ទូរគមនាគមន៍ ដ៏ទូលំទូលាយ សម្រាប់ប្រទេសជាតិ ហើយលោកជឿជាក់ថា ភាពជាដៃគូនេះនឹងជួយត្រួសត្រាយផ្លូវ ដើម្បីឆ្ពោះទៅរកការសម្រេចបាន នូវមហិច្ឆតាឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ជាក់ជាមិនខានឡើយ។
ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា បាននិងកំពុងធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមហ៊ុននេះគ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ លើអង់តែនចំនួនជា ៣,៩៦០បង្គោលនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន អ៉ីដតខូ បានដើរតួនាទីយ៉ាងសំខាន់ និងតែងតែធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញ បានទៅតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់អតិថិជនដែលកំពុងតែមានការកើនឡើងជាបន្តបន្ទាប់។
ក្រុមហ៊ុន អ៉ីដតខូ គ្រុប បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន អ៉ីដតខូ គ្រុប ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទរួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់ បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។
ក្រុមហ៊ុន អ៉ីដតខូ ដំណើរការនិងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៣៤,០០០បង្គោលប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អ៉ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍៕