(ភ្នំពេញ)៖ Smile Shop ដែលជាផ្សារអនឡាញឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង ក្រុមហ៊ុន ជីន សា គ្រុប ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួម បានសម្រេចបាននូវកិច្ចព្រមព្រៀង ចូលក្នុងភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការពង្រីកអាជីវកម្មក្នុងការ ចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ, ជម្រុញការធ្វើពាណិជ្ជកម្មតាមអនឡាញ៍, លើកស្ទួយការលក់ផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ, និងផ្តល់នូវបទពិសោធថ្មីមួយទៀត ដល់ប្រជាជនកម្ពុជា ប្រើប្រាស់នូវផ្សារអនឡាញលំដាប់ពិភពលោក។
កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២០ ខែសីហានេះ ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធអនឡាញរវាងលោក Jack Lee អគ្គនាយកក្រុមហ៊ុន Smile Shop App និងលោក Liu Yang ប្រធានក្រុមហ៊ុន Jin Sha Group ។
លោក Jack Lee អគ្គនាយកក្រុមហ៊ុន Smile Shop App បានថ្លែងថា ដើមទុននេះនឹងជួយជំរុញការពង្រីកក្រុមហ៊ុនឱ្យក្លាយជា Platform ពាណិជ្ជកម្មអេឡិចត្រូនិកដ៏ទំនើបមួយ។
លោកបានថ្លែងថា «យើងនឹងវិនិយោគបន្ថែមទៅលើវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ ការដឹកជញ្ជូន និងការគាំទ្រផលិតផលក្នុងស្រុករបស់ខ្មែរ ដើម្បីលក់ទៅកាន់ទីផ្សារក្រៅប្រទេស និងសេវាកម្មបម្រើអតិថិជន ដើម្បីប្រែក្លាយ Smile Shop ទៅជា Platform មួយដែលផ្តោតសំខាន់លើតម្រូវការរបស់អតិថិជន» ។
លោកបានបន្ថែមទៀតថា «យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលសា្វគមន៍ ក្រុមហ៊ុន ជីន សា គ្រុប ដែលជឿជាក់លើចក្ខុវិស័យរបស់យើង ហើយចង់ក្លាយជាផ្នែកមួយនៃការវិវត្តមួយនេះ។ នៅពេលអ្នកវិនិយោគជាច្រើននិយាយថា ទីផ្សារកម្ពុជាតូចចង្អៀតណាស់សម្រាប់ពាណិជ្ជកម្មអនឡាញ គឺយើងអ្នកអាចពង្រីកខ្លួនឲ្យធំជាងមុន ប្រសើរជាងការឈោងទៅទីខ្ពស់ ដូច្នេះចក្ខុវិស័យរបស់ Smile Shop គឺដើម្បីក្លាយជាផ្សារអនឡាញ៍ដ៏ទំនើបបំផុតនៅកម្ពុជា»។
លោក Liu Yang ប្រធានក្រុមហ៊ុន ជិន សា គ្រុប បានថ្លែងថា «Smile Shop បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងកំឡុងពេលដែលមានជំងឺរាតត្បាត ហើយយើងមើលឃើញនូវសក្តានុពលដ៏អស្ចារ្យ នៅក្នុងវិស័យអាជីវកម្មអនឡាញ៍មួយនេះ។ យើងពិតជាមានភាពសោមនស្សយ៉ាងខ្លាំង ដែលបានសហការជាមួយ Jack និងក្រុមការងាររបស់គាត់ ដើម្បីពង្រីកក្រុមហ៊ុនមួយនេះ ឱ្យឈានទៅរកការលូតលាស់ ឈានដល់ចំណុចគោលដៅថ្មី និងជម្រុញរបៀបរស់នៅដែលល្អប្រសើរ សម្រាប់ប្រជាជនកម្ពុជាតាមរយៈការរួមបញ្ចូល បច្ចេកវិទ្យា និងអ៊ីនធឺណិត។
លោក Liu Yang បន្ថែមថា «ការចែករំលែកបន្ទុកជាមួយប្រទេសជាតិ និងការខិតខំដើម្បីបំពេញតម្រូវការរបស់ប្រជាជន គឺជាបេសកកម្មរបស់ក្រុមហ៊ុន ជិន សា គ្រុប។ យើងមានគោលដៅវិនិយោគជាចម្បងលើហេដ្ឋារចនាសម្ព័ន្ធថ្មី ការអប់រំវិជ្ជាជីវៈ ការថែទាំសុខភាព ប្រព័ន្ធផ្សព្វផ្សាយថ្មី បច្ចេកវិទ្យាកសិកម្ម ជាដើម»។
យោងតាមរបាយការណ៍ Google-Temasek ឆ្នាំ ២០២០ បានបង្ហាញថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅអាស៊ីអាគ្នេយ៍បានកើនឡើងដល់ ៦២ ពាន់លាន កំណើន ៦៣% ប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ហើយមានការប៉ាន់ស្មានថាពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍នឹងកើនឡើងដល់ ១៧២ ពាន់លាន នៅឆ្នាំ ២០២៥ ខាងមុខនេះ។
ទំហំនៃការដោះដូរក្នុងវិស័យពាណិជ្ជកម្ម តាមអនឡាញរបស់ប្រទេសកម្ពុជា ត្រូវបានគេគិតថានឹងឈានដល់ ២៥១លានដុល្លារ ក្នុងឆ្នាំ ២០២១ ហើយគេរំពឹងថានឹងមានកំណើន ៨.៩៤% ទៀតចន្លោះឆ្នាំ ២០២១ - ២០២៥ ដែលនឹងមានន័យថាទំហំនៃការដោះដូរនេះនឹងកើនឡើងរហូតដល់ទឹកប្រាក់ ៣៥៤លានដុល្លារ នៅឆ្នាំ ២០២៥ ខាងមុខ។
Smile Shop App ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នៅក្នុងខែតុលាឆ្នាំ ២០១៨ ជាមួយនឹងការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។ វាគឺជាផ្សារអនឡាញ៍ B2C ឈានមុខគេដែលកំពុងតែធ្វើបដិវត្តផ្លាស់ប្ដូរយ៉ាងរហ័សនៅក្នុងវិស័យពាណិជ្ជកម្មផ្គត់ផ្គង់ទំនិញក្នុង និងក្រៅស្រុក។ ចក្ខុវិស័យចំបងរបស់ Smile Shop គឺផ្តោតលើទីផ្សារពាណិជ្ជកម្មអនឡាញ៍នៅកម្ពុជា៕