(អាមេរិក)៖ កាលពីខែវិច្ឆិកាឆ្នាំ២០២០ កម្មវិធី WhatsApp បានដាក់ឱ្យប្រើប្រាស់នូវមុខងារលុបសារចោលក្នុងរយ:ពេល ៧ថ្ងៃ ហើយ កាលពីថ្មីៗនេះបានសាកល្បងឱ្យប្រើប្រាស់មុខងារលុបសារចោលបន្ទាប់ពីអានរួច ដោយឡែកនៅពេលនេះ មានព័ត៌មានបានរាយការណ៍ មកថា WhatsApp ត្រៀមសាកល្បងប្រើមុខងារលុបចោលក្នុងរយ:ពេល ៩០ថ្ងៃ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា WhatsApp កំពុងតែសាកល្បងទៅលើមុខងារលុបចោលក្នុងរយ:ពេល ៩០ថ្ងៃ ខណ:ដែលបច្ចុប្បន្ន WhatsApp បានដាក់ឱ្យប្រើនូវមុខងារដូចគ្នានេះ គឺលុបសារចោលក្នុងរយ:ពេល ២៤ម៉ោង និង ៧ថ្ងៃ។
មិនទាន់មានព័ត៌មានច្បាស់ការណ៍ពាក់ព័ន្ធនឹងការសាកល្បងមុខងារថ្មីនេះឡើយ តែបើតាមប្រភពខាងលើបានបញ្ជាក់ថា មុខងារលុបសារក្នុងរយ:ពេល ៩០ថ្ងៃនេះ គឺត្រូវបានសាកល្បងប្រើសម្រាប់ប្រព័ន្ធដំណើរការ Android ហើយអាចនឹងដាក់ឱ្យសាកល្បង នៅ iOS នៅសប្ដាហ៍បន្ទាប់ ខណ:ដែល អ្នកប្រើប្រាស់ជាច្រើនបានលើកឡើងថា ដូចជាមិនចាំបាច់មានមុខងារនេះទេ។
គួរបញ្ជាក់ផងដែរថា រយ:ពេលប៉ុន្មានខែចុងក្រោយនេះ អ្នកប្រើប្រាស់ WhatsApp ជាច្រើនបានងាកទៅប្រើកម្មវិធីផ្សេង ដោយសារតែ WhatsApp ត្រូវបានមេធំ Facebook ដាក់ចេញគោលការណ៍ថ្មីមួយគឺតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាមួយ នឹង បណ្ដាញសង្គម Facebook ដែលវាជាសកម្មភាពរំលោភលើសិទ្ធិឯកជនភាព៕