(ក្រុងឡុងដ៍)៖ Harry Kane ដែលជាខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur មិនបានធ្វើដំណើរទៅប្រទេសព័រទុយហ្កាល់ ដើម្បីប្រកួតជាមួយ Paços de Ferreira នៅវគ្គជម្រុះពានថ្មី ECL ឡើយ ចំពេលដែលពាក្យចចាមអារ៉ាមពីការផ្ទេរទៅ Manchester City ក្នុងតម្លៃ ១៥០លានផោន ឬ ២០៥លានដុល្លារអាមេរិកកាន់តែផ្ទុះខ្លាំងឡើង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Sky News និងសារព័ត៌មានអន្តរជាតិដទៃទៀត នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។
Kane គ្រាន់តែបានចូលរួមហ្វឹកហាត់ជាលើកដំបូងជាមួយក្រុមរបស់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីដាក់ខ្លួនដោយឡែកកាលពីសប្តាហ៍មុន ដោយសារការវិលត្រឡប់មកពីវិស្សមកាលយ៉ាងយឺតយ៉ាវ។
ការណ៍ដែលមិនបានប្រកួតវគ្គជម្រុះនៅ ECL ជាអវត្តមានលើកទី២ ហើយសម្រាប់ក្លិប ខណៈអវត្តមានលើកទី១ ចំពេលដែលក្លិបប្រកួតឈ្នះ Manchester City ១ទល់នឹងសូន្យ នៅពានកំពូលអង់គ្លេសក្នុងមូលហេតុដោយសារមិនទាន់មានល្បឿនពេញលេញសម្រាប់ការប្រកួត។ Manchester City នេះហើយ ជាក្លិបដែល Kane ចង់ទៅរួមរស់ក្រែងបានលើកពានដូចកីឡាករដទៃទៀត។
សូមជម្រាបថា City បានត្រៀមកញ្ចប់ថវិកា ២០៥លានដុល្លារអាមេរិក ដើម្បីនាំយក Kane ពីក្លិបរបស់លោក Daniel Levy ប្រធានក្លិប Tottenham មកអង្គុយតុចរចារឿងផ្ទេរខ្សែប្រយុទ្ធឆ្នើមខាងលើ។
រីឯលោក Nuno Espirito Santo អ្នកចាត់ការ Spurs បានឲ្យដឹងកាលពីថ្ងៃចន្ទថា «គ្រប់យ៉ាងសុទ្ធតែអាចកើតឡើងបានទាំងអស់ នៅលើវិស័យបាល់ទាត់»។ លោកប្រាប់ BBC Radio 5 Live បន្ថែមថា «យើងមានក្រុម និងមានកីឡាករ។ Kane កំពុងហ្វឹកហាត់ជាមួយពួកយើង ហើយគាត់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជួយក្រុម»៕