(អាមេរិក)៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានចាប់ផ្ដើមបើកការស៊ើបអង្កេតលើករណីបែកធ្លាយ និងការរំលោភបំពាន លើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក T-Mobile ដែលមានរហូតដល់ ១០០លាននាក់។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ប្រមាណជាមួយសប្ដាហ៍មុននេះ មានជនអនាមិកបានបង្ហោះសារនៅលើវេទិកាសង្គមងងឹតមួយថា មានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក T-Mobile ដែលមានរហូតដល់ ១០០លាននាក់ ត្រូវបានបែកធ្លាយ និងរំលោភបំពាន ហើយក្រោយពី ទទួល បានដំណឹងនេះ ក្រុមហ៊ុន T-Mobile ក៏បានប្រកាសបង្កើតក្រុមការងារផ្ទៃក្នុងដើម្បីស៊ើបអង្កេតលើករណីនេះ។
ក្រោយពីចំណាយពេលអស់ប៉ុន្មានថ្ងៃ ក្រុមហ៊ុន T-Mobile បានប្រកាសថា ពុំទាន់មានព័ត៌មានលម្អិតទាក់ទងនឹងការបែកធ្លាយ ទិន្នន័យ នេះ ឡើយ ប៉ុន្តែនៅថ្ងៃពុធម្សិលមិញនេះ បានបង្ហាញលទ្ធផលសណ្ដោះអាសន្នមួយថា មានទិន្នន័យអ្នកប្រើប្រាស់ប្រមាណ ៤០លាននាក់ ត្រូវបាន បែកធ្លាយ ដោយក្នុងនោះមានទិន្នន័យអតិថិជនចាស់ និងអតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ខ្លួន។
ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក បានលើកឡើងថា ក្រុមហ៊ុនទូរគមនាគមន៍អាមេរិកទាំងអស់គឺមានភារកិច្ច ការពារទិន្នន័យរបស់អតិថិជន ហើយបើសិនជាកើតមានការរំលោភបំពាន នោះពួកគេត្រូវតែទទួលខុសត្រូវ។
បើតាមការបង្ហោះសាររបស់ជនអនាមិកបានឱ្យដឹងថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណជា ១០០លាននាក់ត្រូវបានបែកធ្លាយ និងរងការរំលោភបំពាន មានដូចជា លេខកូដសម្ងាត់សម្រាប់ប្រើប្រាស់បណ្ដាញ, លេខទូរស័ព្ទ, ឈ្មោះ, អសយដ្ឋាន និងប័ណ្ណបើកបរ ជាដើម។
យោងតាមគេហទំព័រ Vice's Motherboard បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមទិន្នន័យ ១០០លាននាក់ មានទិន្នន័យអ្នកប្រើ ៣០លាន នាក់ ត្រូវបានលក់ជាលក្ខណ:សម្ងាត់ ឬលក់ក្នុងទីផ្សារងងឹត៕