(ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យា ដែលផ្ដល់សេវាកម្មកម្សាន្តដ៏ធំរបស់ចិន Tencent បានប្រកាសឱ្យដឹងថា ប្រាក់ចំណេញនៅត្រីមាសទី២កន្លង ទៅនេះបានកើនឡើងជិត ២៩ភាគរយ ខណ:ដែលក្រុមហ៊ុនមួយនេះបានទទួលសម្ពាធជាច្រើនពីសំណាករដ្ឋាភិបាលចិន។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីប្រកាសរបស់ Tencent បានឱ្យដឹងថា នៅត្រីមាសទី២ ខ្លួនទទួលបានប្រាក់ចំណូល ២១.៣ពាន់លានដុល្លារអាមេរិក ដោយ បានកើនឡើង ២០ភាគរយ បើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ខណ:ប្រាក់ចំណេញទទួល ៦.៦ពាន់លានដុល្លារអាមេរិក ដោយ បានកើនឡើង ២៩ភាគរយ។
Tencent បានរាយការណ៍អំពីប្រាក់ចំណេញ និងចំណូលនេះ ចំពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងទៀត កំពុងត្រូវបានរង្គោះរង្គើដោយការបង្ក្រាបជាប្រវត្តិសាស្ត្រពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ដូចជាពន្ធ ការរំលោភលើច្បាប់ប្រកួតប្រជែង និងជាពិសេសគឺពាក់ព័ន្ថនឹងកុមារ។
យោងតាមការរបាយការណ៍របស់ CNN Business បានឱ្យដឹងថា ក្រុមហ៊ុន Tencent បានបាត់បង់តម្លៃទីផ្សារច្រើនជាង ៤០០ពាន់លានដុល្លារ បន្ទាប់ពីនិយ័តករចិនបើកការស៊ើបអង្កេតលើក្រុមហ៊ុនមួយនេះ ជាពិសេសគឺការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋាភិបាល ក្រុងប៉េកាំង រួមនឹងច្បាប់ថ្មីដែលបានដាក់សម្ពាធដល់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់នៅក្នុងស្រុកចិនផងដែរ៕