(ក្រុងឡុងដ៍)៖ Joe Willock ដែលជាខ្សែបម្រើប្រយុទ្ធក្លិបសារិកាព្រៃ Newcastle United បានសារភាពថា រូបគេទទួលបានសាររើសអើងពូជសាសន៍ជារៀងរាល់ថ្ងៃនៅលើបណ្តាញសង្គម ដែលធ្វើឲ្យកីឡាករស្បែកខ្មៅរូបនេះ ពិចារណាក្នុងការឈប់លេងបណ្តាញសង្គមផងដែរ។

តែយ៉ាងណា កីឡាករវ័យ ២១ឆ្នាំខាងលើនេះក៏បានថ្លែងប្រាប់ BBC ផងដែរថា នឹងនៅតែបន្តធ្វើប្រើប្រាស់ Platforms ដដែល គឺដើម្បីអ្នកគាំទ្ររបស់គេដោយលើកឡើងថា «ខ្ញុំមិនចង់បាត់បង់ទំនាក់ទំនងជារៀងរាល់ថ្ងៃជាមួយអ្នកគាំទ្រនោះទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែទទួលបានសារមិនគួរគប្បីដែលតែងតែនិយាយពីពណ៌សម្បុររបស់ខ្ញុំ និងរឿងផ្សេងៗទៀតដែលមិនសមរម្យចំពោះរូបខ្ញុំ»

កីឡាករស្ថិតក្នុងឈុត U21 នៃក្រុមជម្រើសជាតិអង់គ្លេសផងនោះ រកបាន ៨គ្រាប់ផងដែរគិតចាប់តាំងពីពាក់កណ្តាលរដូវកាលមុនមកជាមួយ Newcastle United ក្នុងនាមជាកីឡាករខ្ចីជើងពី Arsenal និងទទួលបានសាររើសអើងជាតិជាតិសាសន៍យ៉ាងច្រើន ពេល Newcastle បរាជ័យក្នុងដី ៤-២ ក្រោមថ្វីជើងរបស់ញញួរធំ West Ham United នៅថ្ងៃបើកឆាក Premier League រដូវកាលថ្មីនាសប្តាហ៍មុន មុនធ្វើដំណើរទៅប៉ះ Aston Villa នៅរាត្រីថ្ងៃសៅរ៍ជាបន្ត៕