(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធមុតស្រួច Romelu Lukaku នឹងបង្ហាញខ្លួនក្នុងក្លិបថ្មី តោខៀវ Chelsea ពេលប៉ះម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុងលីគកំពូលអង់គ្លេស Premier League ប្រចាំសប្តាហ៍ទី២ ជើងទី១។

Lukaku មិនបានលេងឡើយ ពេល Chelsea បំបាក់ Crystal Palace ៣-០ នៅថ្ងៃបើកឆាក Premier League រដូវកាលថ្មី ២០២១-២០២២ បន្ទាប់ពីផ្ទេរមកចូលរួមជាមួយក្លិបចាស់កាលសប្តាហ៍មុនក្នុងតម្លៃបំបែកកំណត់ត្រា ៩៧.៥លានផោន និងត្រៀមបង្ហាញខ្លួន ១ប្រកួតដំបូងចុងសប្តាហ៍នេះវិញ។

ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្សិក វ័យ ២៨ឆ្នាំ Lukaku បានថ្លែងក្នុងសន្និសីទថា «ការកំណត់ពេលវេលាច្បាស់លាស់ គឺមានសារៈសំខាន់ណាស់។ ខ្ញុំបានរៀនសូត្រជាច្រើនអំពីវា និងដាក់ខ្លួនឯងក្នុងកម្រិតស្តង់ដារខ្ពស់បំផុតមួយ។ ក្នុងនាមជាកីឡាករតែងតែមានការប្រកួតប្រជែងខ្លាំង ដ្បិតនៅអ៉ីតាលីមានការប្រកួតខុសគ្នាក៏ដោយ ក៏មានកីឡាករល្អ និងសំបូរបទពិសោធទៀតផង»។

កន្លងមក Lukaku ក៏ធ្លាប់បានចំណាយពេល ៣រដូវកាលលេងនៅ Stamford Bridge នៅចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០១៤ មុនផ្ទេរចេញទៅលេងឲ្យ Everton, Manchester United និង Inter Milan ជាដើម៕