(ឡុងដ៏)៖ ក្លិប Arsenal របស់លីគអង់គ្លេស និងក្លិប Real Madrid របស់លីគអេស្ប៉ាញ កំពុងជិតឈានដល់កិច្ចព្រមព្រៀងជាមួយការផ្ទេរកីឡាករ Martin Odeegard នៅពេលដែលអ្នកចាត់ការក្លិបកាំភ្លើងធំ លោក Mikel Arteta កំពុងស្វែងរកកីឡាករនាំលេងមកបំពេញចំណុចខ្វះខាតលើទីលាន។នេះបើតាមការចេញផ្សាយ Dailymial នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

លោក Mikel Arteta និងក្លិប Real Madrid កំពុងតែជិតឈានដល់កិច្ចព្រមព្រៀងជាមួយការផ្ទេរខ្សែបម្រើ Odeegard នៅពេលដែលប្រភពពី Sportmail បង្ហាញឲ្យដឹងថា អាចមានតម្លៃប្រមាណ ៣០លានផោនចំពោះកីឡាករសញ្ជាតិន័រវែស ដែលធ្លាប់ចំណាយពេលលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្លិប Arsenal កាលពីរដូវកាលមុន លេងបាន ២០ប្រកួត និងរកបាន ២គ្រាប់។

ប្រភពដដែលបានឲ្យដឹងថា ក្លិបទាំងពីរខាងលើកំពុងតែពិភាក្សាគ្នាក្នុងផ្ទេរ ខណៈលោក Arteta មានគោលការណ៍ចង់នាំយក Odeegard ក្នុងលក្ខណ្ឌអចិន្ត្រៃយ៍ គ្រាដែលរូបគេមិនបានបង្ហាញខ្លួនក្នុងជំរំហ្វឹកហាត់នៃរដូវកាលថ្មីនេះទេ នៅពេលដែលការផ្ទេរនេះបានសម្រេចនោះ មានន័យថា ជាហេតុផលបញ្ចប់ការចាប់អារម្មណ៍ចំពោះខ្សែបម្រើ Jame Maddison របស់ក្លិប Leicester City ដែលមានតម្លៃ ៦០លានផោន៕