(ចិន)៖ ក្រុមហ៊ុន Huawei Technologies បានប្រកាសជាសាធារណ:ថា ខ្លួននឹងត្រឡប់មកកាន់ «បល្ល័ង្ក» វិញនៅក្នុងអាជីវកម្ម ទូរស័ព្ទ បើទោះបីជា ទទួលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលអាមេរិកក្ដី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
ប្រធានក្រុមហ៊ុន Huawei លោក Guo Ping បានឱ្យដឹងថា «អ្នករាល់គ្នាដឹងថាបន្ទះឈីបទូរស័ព្ទត្រូវការបច្ចេកវិទ្យាទំនើបក្នុងទំហំតូច និងការប្រើប្រាស់ថាមពលតិច។ Huawei អាចរចនាវាបាន ប៉ុន្តែគ្មាននរណាម្នាក់អាចជួយយើងក្នុងការបង្កើតវាបានទេ ដូច្នេះយើងជាប់គាំង។ ប៉ុន្តែឥឡូវនេះបង្ហាញត្រូវបានដោះស្រាយ»។
យោងតាមការបញ្ជាក់នេះ មានន័យថា ក្រុមហ៊ុន Huawei នឹងត្រឡប់មកវិញជាមួយនឹងស្មាតហ្វូនដ៏អស្ចារ្យបំផុតសម្រាប់វាយដណ្ដើមទីផ្សារ វិញ ខណ:ដែលបច្ចុប្បន្ននៅក្នុងតារាង Top 5 ពុំមានវត្តមានរបស់ Huawei ឡើយ។
លោក Guo Ping បានបន្ថែមទៀតថា៖ ក្រុមហ៊ុន Huawei នឹងបន្តវត្តមាននៅក្នុងវិស័យទូរស័ព្ទចល័តជាពិសេសគឺនឹងមកជាមួយនឹង ភាពជឿនលឿន ជាបន្តបន្ទាប់ក្នុងការផលិតបន្ទះឈីប ហើយ «បល្ល័ង្កស្មាតហ្វូន» នឹងត្រលប់មកវិញ។
ក្រុមហ៊ុន Huawei ត្រូវបានលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកចេញបញ្ជាឱ្យដាក់ទណ្ឌកម្មលើការនាំចូលស្មាតហ្វូន និង បច្ចេកវិទ្យាដែលពាក្យព័ន្ធនឹង 5G ព្រមទាំងបានអំពាវនាវដល់ប្រទេសដែលជាសម្ព័ន្ធមិត្តធ្វើតាមខ្លួនថែមទៀត ដែលជាហេតុនាំឱ្យ ការលក់ស្មាតហ្វូនរបស់ Huawei ធ្លាក់ចុះ ជាពិសេសគឺ Google បានឈប់ផ្ដល់សិទ្ធិក្នុងការប្រើប្រាស់ប្រព័ន្ធដំណើរការ Android ដល់ Huawei ផងដែរ រហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះសម្រេចបង្កើតប្រព័ន្ធដំណើរការដោយខ្លួនឯង៕