(បរទេស)៖ តារាចម្រៀងរ៉េបល្បីឈ្មោះជនជាតិកាណាដា លោក Drake គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់លាននាក់ ដែលមានឆ្លងជំងឺកូវីដ-១៩។ យ៉ាងណាមិញ អ្វីដែលមហាជនមានការចាប់អារម្មណ៍ខ្លាំង គឺតារារ៉េបវ័យ៣៤ឆ្នាំរូបនេះ បានឲ្យដឹងថា បន្ទាប់ពីបានឆ្លងជំងឺដ៏កាចសាហាវនេះហើយ រូបលោកមានបញ្ហាជ្រុះសក់ផងដែរ។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈបណ្តាញសង្គម Instagram មានអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើម៉ូតសក់ថ្មីរបស់លោក ហើយឆ្លើយតបនឹងការចាប់អារម្មណ៍របស់អ្នកគាំទ្រ តារាចម្រៀងរ៉េបល្បីឈ្មោះ Drake បានបង្ហាញថា លោកមានជំងឺកូវីដ-១៩ ដែលជាមូលហេតុធ្វើឲ្យសក់ជ្រុះ ហើយម៉ូតសក់របស់លោកបច្ចុប្បន្ន គឺជាការចាប់ផ្តើមថ្មី។
គួរជម្រាបថា ការជ្រុះសក់ជាបណ្តោះអាសន្ន ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គឺជាផលប៉ះពាល់មួយផងដែរ ខណៈការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Indiana University បានរកឃើញថា អ្នកជំងឺប្រមាណ៣៣ភាគរយ គឺមានបញ្ហាជ្រុះសក់បែបនេះ ដោយវាអាចបណ្តាលមកពីបញ្ហាស្ត្រេសពេលមានជំងឺជាដើម៕