(អាហ្សង់ទីន)៖ លោក Miguel Russo ត្រូវបានក្លិប Boca Joniors បណ្តេញចេញពីតួនាទីគ្រូបង្វឹកក្លិប បន្ទាប់ពីការចាប់ផ្តើមប្រជែងលីគអាហ្សង់ទីន Argentine Primera Division រដូវកាលថ្មីមិនបានល្អ ដែលនេះត្រូវបានឲ្យដឹងពីក្លិបហើយត្រូវបានចេញផ្សាយដោយ Xinhu នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

លោក Russo បានដឹកនាំក្រុម Boca មិនបានល្អនោះទេក្នុងរដូវកាលថ្មី Argentine Primera Division 2021-2022 ដោយលេង ៦ប្រកួតចាញ់ ២ដង និងស្មើ ៤ដងមិនដែលឈ្នះ ដែលធ្វើឲ្យក្រុមឈរនៅលេខរៀងទី២៤ ក្នុងតារាងមានតែ ៤ពិន្ទុបណ្តោះអាសន្ន ខណៈដែលតួនាទីរបស់គ្រូបង្វឹកនេះ ត្រូវបានជំនួសដោយជំនួយការ លោក Sebastian Battaglia វ័យ ៤០ឆ្នាំដែលជាអតីតខ្សែបម្រើអាហ្សង់ទីន ចូលមកដឹកនាំក្រុមជើងឯកពាន Primera Division ៣៤សម័យកាលនេះបន្តទៀត។

គួររំលឹកថា លោក Russo វ័យ ៦៥ឆ្នាំធ្លាប់ដឹងនាំក្រុម Boca Juniors ឈ្នះពាន Copa Libertadores 2007 និងពាន Copa de la Liga Profesional 2020 ហើយធ្លាប់ឈ្នះពាន Primera Division 2019-2020 ដែលចូលមកដឹកនាំរយៈពេល ៣ខែដំបូង ខណៈនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិប Buca ក៏បានអរគុណចំពោះលោក Russo «ក្នុងរយៈពេល ២០ខែដែលបានដឹកនាំក្រុមក្នុងនាមជាអ្នកជំនាញ ហើយជូនពរទៅអនាគតឲ្យល្អបំផុត ហើយនេះនៅតែជាផ្ទះរបស់អ្នកជានិច្ច»