(ភ្នំពេញ)៖ នៅទីបំផុតការប្រកួតបាល់ទាត់ Futsal Asian 2021 ឬហៅថា ការប្រកួតបាល់ទាត់លេងក្នុងសាល ដែលក្លិបបាល់ទាត់ Mohahang All Star FC តំណាងកម្ពុជាចេញទៅប្រជែងពាន AFF FUTSAL CUP ដោយប្រើតារាងខ្លី ប្រើសំណាញ់ហើយលេងម្ដង ៥នាក់ដោយគណៈកម្មការបានផ្ដល់សិទ្ធិឲ្យក្រុមបាល់ទាត់មហាហង្ស ដែលជាក្រុមបាល់ទាត់ធ្លាប់ទទួលបានពានពីការប្រកួតក្នុងស្រុក ដោយការប្រកួតទាំងមូល គឺគ្រោងនឹងដំណើរការនាថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅខេត្តនគររាជសីម៉ា ប្រទេសថៃ។

យោងតាមការប្រកាសរបស់សហព័ន្ធសហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF បានឲ្យដឹងថា ក្រុមកម្ពុជានឹងមានកីឡាករ ១៤រូបនេះក្នុងការត្រៀមចេញទៅការប្រកួតលក្ខណៈអន្តរជាតិដ៏ធំ ខណៈក្រុមថៃ ជាក្រុមម្ចាស់ផ្ទះ ហើយកីឡាករមកពីប្រទេសជាច្រើនកំពុងត្រៀមប្រជែងពាននៃព្រឹត្តិការណ៍ Futsal Asian 2021។

លោក អ៊ិន សុភិន ដែលជាប្រធានក្លិបបាល់ទាត់តារាមហាហង្ស Mohahang All Star FC បានលើកឡើងថា បន្ទាប់ពីទទួលបានលិខិតផ្លូវការស្តីពីការប្រកួតប្រជែងជើងឯកបាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ាន «AFF Futsal Cup» ឬហៅថា «AFF Futsal Club Championship» ពីថ្នាក់ដឹកនាំកីឡារួចរាល់ គឺកីឡាករក្នុងក្រុមរបស់លោកបានបង្កើននូវការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនក្នុងនាមជាតំណាកម្ពុជា។ លោកក៏បានបង្ហាញឆន្ទៈយ៉ាងមុះមុតថា ថ្បិតតែការដណ្ដើមពានមិនស្រួលដូចការប្រកួតក្នុងស្រុក តែលោកនឹងប្រឹងឲ្យអស់ពីសមត្ថភាព។

ប្រធានក្លិបដដែលក៏បានបន្តទៀតថា ទោះជាការប្រកួតលក្ខណៈអន្តរជាតិលើកនេះទទួលបានលទ្ធផលបែបណាក៏ដោយ ក៏យើងប្រឹងប្រែងហ្វឹកហាត់ និងធ្វើការប្រកួតឲ្យអស់ពីសមត្ថភាពដែរ ដើម្បីដណ្តើមបាននូវកិត្តិយសប្រកបដោយសេចក្តីថ្លៃថ្នូតជូនជាតិរបស់យើង។ ហើយអ្វីដែលសំខាន់បំផុត គឺក្លិបបាល់ទាត់តារាមហាហង្ស ចង់បានស្នាដៃជូនប្រទេសកម្ពុជាយើង ក៏ដូចជាការលើកមុខមាត់ប្រទេសជាតិយើងលើឆាកអន្តរជាតិ និយាយរួមគឺប្រឹងប្រែងឲ្យបានជាដាច់ខាត ដើម្បីដណ្តើមនូវលទ្ធផលដ៏គាប់ប្រសើរជូនជាតិ។

លោកថា នេះជាឆ្នាំទី១ ដែលក្រុមតំណាងកម្ពុជា (Mohahang All Star FC) មានឱកាសបានក្លាយជាក្រុមតំណាងជាតិ ហើយបើទោះជាមានការរំខានដោយកូវីត១៩ តែលោក និង ក្រុមទាំងមូល ក៏នឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីមុខមាត់ប្រទេសទាំងមូល។

បញ្ជាក់ផងថា ក្លិបបាល់ទាត់ (Mohahang All Star FC) មានកីឡាករ ១៤នាក់ និងប្រតិភូ គ្រូបង្វឹក៥នាក់ផ្សេងទៀត សរុប ២១នាក់ ដោយក្រៅពីការហ្វឹកហាត់ត្រៀមខ្លួន ក៏មានការប្រយ័ត្នប្រយែងដើម្បីសុវត្ថភាពផងដែរ។

ព្រឹត្តិការណ៍នេះមានក្រុមចូលរួមប្រជែងចំនួន ៦ក្រុមស្មើនឹង ៦ប្រទេស ដោយក្រុមចូលរួមនៅក្នុងការប្រកួតនេះរួមមាន ក្រុម Port FC (ថៃ), ក្រុម Sahako (វៀតណាម), ក្រុម SKN Kabumen FC (ឥណ្ឌូណេស៊ី), ក្រុម Selangor (ម៉ាឡេស៊ី), ក្រុម MIU (មីយ៉ាន់ម៉ា) និង ក្រុម Mahahang All Star FC របស់កម្ពុជា ខណៈដែលកាលពីរដូវកាលមុន ក្រុមជើងឯកដែលចេញទៅប្រកួតតំណាងកម្ពុជា គឺក្រុមដោនថោនស្ពតក្លិប ដែលពេលនោះមានក្រុមចូលរួមសរុបចំនួន ៧ប្រទេស ហើយសម្រាប់លទ្ធផលគឺនៅមានកម្រិត៕