(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ជាក់ពីការស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) ដែលត្រូវបានពន្យារពេលពីឆ្នាំ២០២០ ហើយត្រូវរៀបចំការប្រកួតនាខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយលោកបានស្នើយកពហុកីឡដ្ឋានជាតិមរតកតេជោធ្វើជាម្ចាស់ផ្ទះផ្ទាល់តែម្ដង។
ការស្នើសុំប្រមុខកីឡាបាល់ទាត់កម្ពុជាខាងលើបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តាមរយៈប្រព័ន្ធ Zoom នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 នេះ ផ្អែកលើហេតុផលសំខាន់ៗមួយចំនួន ទី១-ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្សព្វផ្សាយនូវសមិទ្ធផលដ៏មហាសាលទៅលើឆាកអន្ដរជាតិ ទី២-ដើម្បីផ្ដល់នូវចំណីចក្ខុដល់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩ ពិសេសបញ្ជាក់ពីការប្រយុទ្ធប្រឆាំងជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងទី៣-ដើម្បីជាការសាកល្បង និងពង្រឹងសមត្ថភាពកីឡាករត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង។
ជាមួយការសំណើរបស់ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ បានទទួលការគាំទ្រពេញទំហឹងពីសំណាក់អង្គសន្និបាតរបស់គណៈកម្មាធិការជាតិ CAMSOC ពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាលោករដ្ឋមន្ដ្រី ថោង ខុន សុទ្ធតែបានសម្ដែងការគាំទ្រ និងឯកភាពទៅនឹងសំណើរបស់លោក សៅ សុខា ដើម្បីរួមគ្នាក្នុងការរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីសំណង់ប្រវត្តិសាស្ដ្រនេះ ត្រូវបានប្រគល់មកឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារពេលពីឆ្នាំ២០២០ មកឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩។ ចំពោះការប្រកួតគ្រោងនឹងធ្វើឡើង ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ តាមការបញ្ជាក់របស់លោក សៅ សុខា ប្រសិនបើកម្ពុជាដេញថ្លៃបានធ្វើម្ចាស់ផ្ទះពិតមែន នឹងមានកីឡាករ និងមន្ដ្រីសរុបប្រមាណ ៥០០នាក់ ត្រូវស្នាក់នៅកម្ពុជារយៈពេលជិត ១ខែ ដោយសហព័ន្ធត្រូវរៀបចំសណ្ឋាគារយ៉ាងហោច៣ ដើម្បីទទួលប្រតិភូ និងក្រុមជម្រើសជាតិនៅអាស៊ីអាគ្នេយ៍ ដែលត្រូវចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះ៕