(ភ្នំពេញ)៖ ក្រុមការងារអភិរក្ស ដែលមានមន្រ្តីក្រសួងបរិស្ថាន សហការជាមួយក្រុមអ្នកអភិរក្ស នៃអង្គការ BirdLife បានរកឃើញសម្បុកសត្វត្រយងយក្ស ជាបក្សីជិតផុតពូជនៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជាចំនួន ១០សម្បុក ក្នុងរយៈពេលត្រឹមតែ៣ខែ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

បើតាមការចេញផ្សាយរបស់អង្គការ BirdLife នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២១ សម្បុកត្រយងយក្សមួយចំនួន ត្រូវបានញាស់ និងមួយចំនួនទៀត កំពុងក្រាបពង និងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។

ជារៀងរាល់ឆ្នាំក្រុមអភិរក្សនៅដែនជម្រកសត្វព្រៃលំផាត់ បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូន ដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ ដោយហេតុថាសត្វនេះពងកូននារដូវវស្សា ការសិក្សាស្វែងរកមានការលំបាកខ្លាំង និងទាមទារការប្រឹងប្រែងខ្ពស់។

ជាមួយគ្នានេះ អ្នកអភិរក្ស សង្ឃឹមថាសម្បុកសត្វត្រយ៉ងយក្ស អាចរកឃើញច្រើនបន្ថែមទៀត ក្នុងរដូវកាលពងកូនឆ្នាំ២០២១នេះ ដែលគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខ៕