(ញូវយ៉ក)៖ កីឡាការិនី Carli Lloyd បានជួយជួយក្រុមបាល់ទាត់ស្រ្តីអាមេរិកឈ្នះមេដាយសំរិទ្ធ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Tokyo Olympic Games ឆ្នាំ២០២០ បានប្រកាសថា នាងនឹងចូលនិវត្តន៍នៅចុងឆ្នាំនេះ បន្ទាប់ធ្វើដ៏អស្ចារ្យនាពេលកន្លងមក។
Lloyd ដែលមានវ័យ ៣៩ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាមួយជម្រើសជាតិអាមេរិកបាន ៣១២ប្រកួត ដោយស៊ុតបញ្ចូលទីបាន ១២៨គ្រាប់ សម្រាប់ USWNT។ Lloyd ដែលធ្លាប់ត្រូវបានខ្ចីជើងនៅក្លិបអង់គ្លេស Manchester City ក្នុងឆ្នាំ ២០១៧ នោះ ក៏បានឈ្នះពាន World Cup ២ដង និងមេដាយមាសអូឡាំពិក ២ដងផងដែរ។
Lloyd បាននិយាយថា «ជារៀងរាល់ថ្ងៃ ខ្ញុំដើរចេញក្រៅពីទីលាន ខ្ញុំមានអារម្មណ៍ថា ជាវាជាការប្រកួតចុងក្រោយរបស់ខ្ញុំអីចឹង»។
លោក Vlatko Andonovski គ្រូបង្វឹកក្រុម USWNT បានឲ្យដឹងដែរថា Lloyd គឺជា «រឿងព្រេងនិទានពិត» ហើយលោកពិតជាកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាគ្រូបង្វឹករបស់នាង។
Lloyd នឹងលេងក្នុងការប្រកួតអន្តរជាតិចុងក្រោយជាមួយអាមេរិក ចំនួន៤លើកទៀត ក៏ដូចជាការប្រកួតដែលនៅសល់នៃរដូវកាល NWSL ជាមួយក្រុមរបស់នាងគឺ NJ/NY Gotham មុនពេលព្យួរស្បែកជើងរបស់នាងជាផ្លូវការ៕