(អេស្ប៉ាញ)៖ ក្លិបបាល់ទាត់ Real Madrid នៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា កីឡាករអ្នកចាំទី Thibaut Courtois បានចុះហត្ថលេខា លើកិច្ចសន្យាថ្មីមួយ ដែលនឹងបន្តលេងរហូតដល់ខែមិថុនា ឆ្នាំ២០២៦, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។

កិច្ចសន្យាថ្មីនេះ នឹងបន្តលើកិច្ចសន្យាចាស់ របស់កីឡាករលំដាប់អន្តរជាតិ សញ្ជាតិប៊ែលហ្ស៊ិកនេះ ដែលគ្រោងនឹងផុតកំណត់ នៅចុងខែមិថុនា ឆ្នាំ២០២៤។

«Real Madrid និងកីឡាករ Thibaut Courtois បានព្រមព្រៀងបន្តកិច្ចសន្យារបស់កីឡាករ ហើយលោកនឹងបន្តនៅលេងជាមួយក្លិប សម្រាប់រយៈពេល៥ឆ្នាំខាងមុខ», នេះបើតាមក្លិប បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួន។

អតីតអ្នកចាំទីក្លិប Chelsea កីឡាករ Courtois, ដែលធ្លាប់លេងក្នុងលក្ខខណ្ឌខ្ចីជើង នៅឯក្លិប Atletico Madrid ចំនួន៣រដូវកាលនេះ, បានចូលរួមជាមួយក្លិប Real Madrid ក្នុងរដូវក្តៅ ឆ្នាំ២០១៨ ហើយបានបង្ហាញខ្លួន ក្នុងការប្រកួតជាលើកដំបូង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។ គិតមកទល់ពេលនេះ លោកបានបង្ហាញខ្លួន១៣០ប្រកួត ឲ្យក្លិបមួយនេះ៕