(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារវីងម៉ល បានយកអាហារជាលើកទី២ ពីហាង KFC ទូទាំងរាជធានីភ្នំពេញ ជូនដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត នៅសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ ១៩ ។
អាហារទាំងនោះ ត្រូវបានបញ្ជូនទៅការិយាល័យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងខណ្ឌទួលគោក មុនពេលត្រូវបានចែកចាយដល់វីរជនជួរមុខ នៅក្នុងទីក្រុងភ្នំពេញសម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានដំណើរការជាផ្លូវការនៅឆ្នាំ២០១២ ដោយធ្វើការងារសប្បុរសធម៌នៅទូទាំងប្រទេសកម្ពុជា តាមរយៈការពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តនានា និងជាពិសេសជួយដល់កម្មកររោងចក្រ និងកុមារកំព្រាជាដើម។
ក្រោមការដឹកនាំ របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស័្មគ្រចិត្ត យុវជនសម្តេចតេជោ បានចូលរួមក្នុងកិច្ចការជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានថ្លែងថា «ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានជួយសហគមន៍របស់យើង តាំងពីដើមរៀងមក។ អ្នកទាំងអស់គ្នាពិតជាវីរជន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ»។
នេះគឺជាការផ្តល់ជូនអាហារលើកទី២ ពីអ្នកឧកញ៉ា គិត ម៉េង ដល់ក្រុមការងារ នៅសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលជាកាយវិការ ដើម្បីបង្ហាញពីការដឹងគុណ ដោយស្មោះចំពោះភាពក្លាហាន និងការខិតខំប្រឹងប្រែង ដោយមិនគិតពីខ្លួនឯង ដើម្បីការពារសហគមន៍។ ការផ្តល់អាហារលើកដំបូង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា «ខណៈពេលដែលអ្នកទាំងអស់គ្នា កំពុងបន្តការពារសហគមន៍យើង ខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងថែរក្សាសុខភាពខ្លួនឯង ឲ្យបានល្អផងដែរ។ សុខភាពរបស់អ្នកទាំងអស់គ្នាក៏សំខាន់ចំពោះសហគមន៍និងគ្រួសាររបស់អ្នកទាំងអស់គ្នាផងដែរ ខ្ញុំប្រាកដថាពួកគាត់កំពុង តែមានមោទនភាពចំពោះអ្នកទាំងអស់គ្នា»។
អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន បានគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ គ្រប់ពេលវេលា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងនៅតែបន្តរួមសហការគ្នាដើម្បីគាំទ្រសហគមន៍៕