(ភ្នំពេញ)៖ តារាសម្ដែងសក់កន្ទ្រើង លោក វី ជីវ័ន្ត បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយគូស្នេហ៍រួចរាល់ហើយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បន្ទាប់ពីបានសិក្សាស្វែងយល់ចិត្តថ្លើមគ្នា អស់រយៈពេលត្រឹមតែ ៨ខែប៉ុណ្ណោះ។ គូស្នេហ៍របស់តារាសម្ដែង ដែលទើបសម្រេចចិត្តកាត់សក់កន្ទ្រើងចេញ លោក វី ជីវ័ន្ត ត្រូវបានគេស្គាល់ឈ្មោះថា ខួច វណ្ណឌី និងជាអ្នករស់នៅក្រៅរង្វង់សិល្បៈ ពោលគឺជាបុគ្គលិកធនាគារ ABA។
តារាសម្ដែង វី ជីវ័ន្ត បានថ្លែងប្រាប់ Fresh News Plus តាមរយៈបណ្ដាញ Telegram ឲ្យដឹងថា ជាការពិតនៅថ្ងៃម្សិលមិញនេះ លោកបានសម្រេចចិត្តនាំចាស់ទុំ និងញាតិមិត្តសំខាន់ៗមួយចំនួន ទៅភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយគូស្នេហ៍របស់លោក ក្រោយពីបានសិក្សាយល់ចិត្តយល់ថ្លើមគ្នា អស់រយៈពេលត្រឹមតែ ៨ខែរួចមក។ ពិធីភ្ជាប់ពាក្យមិនបានធ្វើឡើង ឲ្យអធិកអធ័មធំដុំអ្វីទេ ពោលគឺចាស់ទុំទាំងសងខាង បានរៀបចំលក្ខណៈតូចតាចប៉ុណ្ណោះ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល។
លោក វី ជីវ័ន្ត បញ្ជាក់ទៀតថា ដោយឡែកចំពោះពិធីរៀបមង្គលការ គឺអាចត្រូវរង់ចាំដល់ស្ថានភាពនៃជំងឺកូវីដ-១៩ ធូរស្រាលសិន និយាយរួមអាចក្នុងឆ្នាំ២០២៣។ លោកថា កន្លងមកគូស្នេហ៍របស់លោក គឺជាអ្នកគាំទ្ររូបក្នុងការងារសិល្បៈ ជាពិសេសពេលលោកសម្ដែងភាពយន្ត ហើយក៏បានទំនាក់ទំនងគ្នា និងមើលចិត្តថ្លើមគ្នា ខណៈដែលលោកមិនបានប្រកាន់ថា ជាអ្នកសិល្បៈ ឬមិនមែនអ្នកសិល្បៈនោះទេ។ ទោះបីជាយ៉ាងណា តារាសម្ដែង វី ជីវ័ន្ត មិនបានបង្ហើបឲ្យដឹងពីថ្លៃបណ្ណាការ ដែលខាងស្រីបង្គាប់ប៉ុន្មាននោះទេ គ្រាន់តែលោកបង្ហាញថា សំខាន់គឺយើងយល់ចិត្តគ្នា ហើយកម្រិតជីវភាពក៏ប្រហាក់ប្រហែលគ្នា មិនចោទជាបញ្ហាឡើយ។
គួរជម្រាបថា តារាប្រុសចេះស្ទើរគ្រប់ជំនាញសិល្បៈ លោក វី ជីវ័ន្ត ត្រូវបានទស្សនិកជនភាគច្រើនស្គាល់រូបលោក ដោយសំគាល់លើសក់សំពោងតាំងពីចូលសិល្បៈមកម្ល៉េះ ពោលម៉ូតសក់សំពោង គឺត្រូវបានលោករក្សាជិត២០មកហើយ ទើបតែនៅចុងខែឧសភា ឆ្នាំ២០២១ នេះលោកបានសម្រេចកាត់ចោលតែម្តង ដើម្បីផ្លាស់ប្តូរម៉ូតថ្មី៕