(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានប្រកាសចូលរួមក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅខេត្តទាំង ៨ ជាប់ព្រំដែនប្រទេសថៃ និងខេត្ដផ្សេងទៀត ដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ ជាពិសេសជាពិសេសវីរុសបំលែងថ្មី Delta ដោយបានឧបត្ថម្ភទឹកពិសាអង្គរពូរ៉ូ និងភេសជ្ជៈ Sting Espresso របស់ខ្លួន សរុបចំនួន១០ម៉ឺនដប។

ទឹកពិសា និងភេសជ្ជៈទាំងនេះ ត្រូវបានឧបត្ថម្ភដល់រដ្ឋបាលខេត្តទាំង៨ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កោះកុង និងខេត្ដមួយចំនួនផ្សេងទៀត។

លោក Onno Rombouts អគ្គនាយកគ្រប់គ្រងខេមប្រ៊ូវ បានថ្លែងថា «នេះគឺជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា ដែលត្រូវចូលរួមទាំងអស់គ្នា ។ យើងសង្ឃឹមថា ការបរិច្ចាគ និងការរួមចំណែករបស់យើងអាចជួយសម្រាលតម្រូវការចាំបាច់នៅក្នុងតំបន់ ជាពិសេសអាចឆ្លើយតបបន្ទាន់ នៅក្នុងមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលកូវីដ-១៩ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង យ៉ាងស្វាហាប់របស់បុគ្គលិកសុខាភិបាល ក្រុមការងារជួរមុខ និងសហគមន៍ងាយរងគ្រោះ»

លោកក៏ឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រួមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមការងារជួរមុខ និងអាជ្ញាធរពាក់ព័ន្ធ ចំពោះការខិតខំប្រឹងប្រែងយ៉ាងយកចិត្ដទុកដាក់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅក្នុងសហគមន៍។

គិតត្រឹមថ្ងៃនេះក្រុមហ៊ុន ខេមប្រ៊ូវ បានឧបត្ថម្ភភេសជ្ជៈរបស់ខ្លួនជាង ១ម៉ឺន កេស រួចមកហើយ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសនេះនៅកម្ពុជា ។

ក្រុមហ៊ុន ខេមប្រ៊ូវ បានលើកឡើងថា ក្នុងនាមជាវិស័យឯកជន និងស្របតាមចក្ខុវិស័យរបស់ខ្លួន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក» យើងនៅតែបន្ដចូលរួមជាមួយសហគមន៍ ប្រយុទ្ធប្រឆាំងជាមួយវីរុសដ៏កាចសាហាវនេះ។ រួមគ្នា យើងនឹងឈ្នះ កូវីដ-១៩!