(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្ត Ford បានដាក់ពាក្យបណ្ដឹងទៅកាន់ តុលាការសាន់ហ្វ្រាន់ស៊ីស្កូ ដោយស្នើសុំច្រានចោលពាក្យ បណ្ដឹង របស់ក្រុមហ៊ុនផលិតរថយន្តដែលជាគូប្រកួតប្រជែង GM ពាក់ព័ន្ធនឹងការរំលោភលើផ្លាកយីហោ (Trademark) ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

កាលពីខែមុន ក្រុមហ៊ុន GM បានប្ដឹង Ford ថាបានប្រើប្រាស់ផ្លាកយីហោឈ្មោះ «BlueCruise» ដែលជាបច្ចេកវិទ្យាបើកបររថយន្ត ដោយស្វ័យ ស្រដៀងគ្នាទៅនឹងផ្លាកយីហោ «Super Cruise» ដែលត្រូវបានប្រកាសបង្ហាញកាលពីឆ្នាំ២០១៧ និងជាបច្ចេកវិទ្យាបើក បរដោយមិនប្រើដៃ (hands-free driving tech)។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុន Ford បានលើកឡើងថា ពាក្យថា «Cruise» ឬបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិត្រូវបានគេប្រើប្រាស់ គ្រប់ទីកន្លែងនៅក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ ដូច្នេះការលើកឡើងរបស់ GM ហាក់មិនសមហេតុផល និងគ្មាន ចំណុចដែល ដូចគ្នា ឬរំលោភបំពានឡើយ។

នៅក្នុងពាក្យបណ្ដឹងរបស់ក្រុមហ៊ុន GM បានលើកឡើងថា ក្រុមហ៊ុន Ford អាចប្រើប្រាស់ផ្លាកយីហោផ្សេងបានដោយមិនចាំបាច់ ប្រើ ឈ្មោះ ស្រដៀងគ្នានោះទេ និងបានអះអាងថា Ford គឺមានចេតនា ហើយក៏ដឹងខ្លួនឯង (Ford) ច្បាស់ផងដែរថា កំពុងតែធ្វើអី និងចង់បានអី។

គួរបញ្ជាក់ផងដែរថា Ford បានប្រកាសបង្ហាញពីបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ «BlueCruise» កាលពីខែមេសាកន្លងទៅនេះ ដោយនឹង ដាក់បញ្ចូលឱ្យប្រើប្រាស់នៅក្នុងឆ្នាំនេះ៕