(ភ្នំពេញ)៖ ការទល់លាមក ការធ្លាក់ឈាមក្រហមជារោគសញ្ញាដែលបុគ្គលគ្រប់រូបអាចជួបប្រទះ។ បុគ្គលទូទៅមានការយល់ឃើញថា វាជាសញ្ញានៃជំងឺឫសដូងបាត ដូចនេះហើយកម្រនឹងមានអ្នកជំងឺ មកជួបពិនិត្យពិគ្រោះ ក្នុងពេលមានរោគសញ្ញាថ្មីៗណាស់។
អ្នកជំងឹភាគច្រើនតែងមកជួបប្រឹក្សា និងពិនិត្យក្នុងដំណាក់កាលមួយដែលមានសញ្ញាធ្ងន់ធ្ងរដូចជាការស្រកគីឡូ តឹងពោះ ឬឈឺពោះខ្លាំងជាដើម។ នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ជា ខាង ឯកទេសថ្លើម ក្រពះ ពោះវៀន ឫសដូងបាត ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិតបានថ្លែងបន្តថា «ក្រោយការពិនិត្យតាមរយៈការឆ្លុះពោះវៀនធំ យើងបានរកឃើញថាអ្នកជំងឺមួយចំនួនមានជំងឺមហារីកពោះវៀនធំ ដែលស្ថិតក្នុងដំណាក់រាលដាលបាត់ទៅហើយ។ សូមមានការប្រុងប្រយ័ត្ន រោគសញ្ញាទល់លាមក និងការធ្លាក់ឈាមក្រហមរ៉ាំរ៉ៃ អាចជាសញ្ញានៃដុំសាច់ពោះវៀនធំ ដូចនេះ គួរមកទទួលការប្រឹក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលបានទាន់ពេលវេលា»។
ត្បិតណាស់ ជំងឺមហារីកពោះវៀនធំនេះ មិនទាន់មានការស្រាវជ្រាវដឹងពីមូលហេតុពិតប្រាកដនោះឡើយ ប៉ុន្តែកត្តាប្រឈមមុខមួយចំនួន មានទំនោរកើតជំងឺមហារីកពោះវៀនធំច្រើនជាងអ្នកផ្សេង បានរកឃើញថា៖
*តំណពូជ៖ គឺប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីក ប្រសិនបើអ្នកមានសាច់ញាតិធ្លាប់ កើតជំងឺមហារីកពោះវៀនធំ នោះអ្នកមានទំនោរច្រើន ក្នុងការកើតជំងឺនេះ ដូចគ្នាដែរ ជាពិសេសប្រសិនបើសាច់ញាតិរបស់អ្នកកើតជំងឺ មហារីក តាំងពីវ័យនៅក្មេង។
*របៀបនៃការរស់នៅប្រចាំថ្ងៃ៖ អ្នកដែលជក់បារី ផឹកស្រា និងបរិភោគសាច់ពណ៌ក្រហម ឬសាច់ច្នៃច្រើន ហើយបរិភោគអាហារមានជាតិសរសៃតិចនោះ អ្នកប្រឈមមុខខ្ពស់ ក្នុងការកើតជំងឺមហារីកពោះវៀនធំ
*លើសទម្ងន់ និងមិនហាត់ប្រាណ និងកត្ដាផ្សេងៗទៀត។
ចំពោះរោគសញ្ញាជំងឺមហារីកពោះវៀនធំ៖
*បន្ទោរបង់មិនទៀងទាត់៖ ប្រែប្រួលទម្លាប់ពោះវៀន (រាកឬទល់លាមក) មានអារម្មណ៍ថា បន្ទោរបង់មិនអស់,
*លាមកមានឈាម មានពណ៌ក្រហមភ្លឺ ឬចាស់, លាមកមានទំហំតូចជាងធម្មតា,
*ឧស្សាហ៍មានហ្គាស ឈឺពោះ ឬមានអារម្មណ៍ថា ណែនឬហើមពោះ
*ស្រកទម្ងន់ដោយគ្មានមូលហេតុ
*អស់កម្លាំងជាប្រចាំ
*មានអារម្មណ៍ថា ចង់ក្អួត ឬក្អួតជាញឹកញាប់ជាដើម៕