(ភ្នំពេញ)៖ តារាសម្ដែងលោក រ៉ា វិរៈ បើទោះជាផ្អាកសម្ដែងមួយរយៈ តែលោកនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ជាពិសេសគឺពីអ្នកសិល្បៈ ដោយសារតែលោកបានក្លាយជាបុគ្គលជោគជ័យក្នុងមុខជំនួញ។ ជាមួយនឹងភាពជោគជ័យនៅតែមាន ស្របពេលដែលកេរ្តិ៍ឈ្មោះនៅតែត្រដែតនេះហើយ ទើបលោកត្រូវគេយករូបថត និងឈ្មោះ ទៅបង្កើតគណនីក្លែងក្លាយហើយឆបោកគេ ដែលធ្វើឲ្យលោកខូចឈ្មោះ។
យោងតាមការបង្ហាញរបស់ លោក រ៉ា វិរៈ គឺលោកចាប់បានគណនីក្លែងក្លាយរហូតដល់ជាង១០ ដែលយករូបលោកទៅប្រើ និងខ្លះប្រើទាំងឈ្មោះរបស់លោកផង ហើយរាល់សកម្មភាពរបស់លោក គឺត្រូវបានជននោះយកទៅបង្ហោះ ដើម្បីបន្លំភ្នែកគេថា នោះគឺជាហ្វេសប៊ុកពិតប្រាកដរបស់លោក។ ជនអនាមិកទាំងនោះថែមទាំងដើរឆបោកគេ ដោយប្រើមធ្យោបាយផ្សេងៗ រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលនោះផង។
លោក រ៉ា វីរៈ ដែលបច្ចុប្បន្នគឺមានភរិយាជាម្ចាស់ហាងកែសម្ផស្សធំមួយ និងមានហាងលក់ខោខៅប៊ូយផ្ទាល់ខ្លួននោះ បានអះអាងថា លោកបានដឹងពីការបង្កើតគណនីក្លែងក្លាយ ក្រោយពីមានអ្នកចាញ់បោកគេទាក់ទងមក ហើយអ្នកខ្លះបានផ្ញើគណនី ដែលប្រើរូបរបស់លោកជាច្រើនមកហើយ។
ថ្លែងប្រាប់ Fresh News Plus តារាសម្ដែង រ៉ា វីរៈ បានថ្លែងថា លោកស្រឡាំងកាំង នៅពេលដែលរូបរបស់ខ្លួនត្រូវគេប្រើធ្វើជាគណនីក្លែងក្លាយ ហើយយកឈ្មោះរបស់លោកទៅឆបោកគេ ដែលធ្វើឲ្យអ្នកខ្លះយល់ច្រឡំ។ លោកមានគម្រោងដាក់បណ្ដឹងឆែករកអ្នកនៅពីក្រោយនៃការបង្កើតគណនីទាំងនោះ ទៅកាន់ភ្នាក់ងារសមត្ថកិច្ច ដើម្បីឲ្យប្រាកដចិត្តថា តើបុគ្គលនោះមានបំណងអ្វីទើបយកឈ្មោះលោកទៅឆបោកគេ។
លោកក៏ប្រកាសមិនទទួលស្គាល់គណនីទាំងអស់នោះឡើយ ខណៈដែលលោកក៏ទទូចកុំឲ្យអ្នកទាក់ទងជាមួយគណនីដែលមានរូបលោក កុំឆ្លងឆ្លើយបើមានករណីខ្ចីលុយខ្ចីកាក់ ឬ ករណីឲ្យវេរលុយលើមុខជំនួញរបស់លោក។ លោកថារាល់ថ្ងៃលោករវល់រឿងមុខជំនួញ និង មើលថែភរិយាកំពុងពរពោះ តែមិននឹកស្មានថា មានគេមកបង្ខូចឈ្មោះបែបនឹងឡើយ៕