(ភ្នំពេញ)៖ នៅក្នុងសង្គមជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួនយល់ឃើញថា ការរួមភេទជាមួយអនីតិជនសុទ្ធតែត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ពាក្យថាអនីតិជន សំដៅដល់ជនដែលមានអាយុក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ហើយតាមបញ្ញត្តិច្បាប់ នីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ ១៥ (ដប់ប្រាំ) ឆ្នាំ ទ្បើងទៅ មានន័យថា ច្បាប់បានផ្តល់សិទ្ធិ និងសេរីភាពដល់អនីតិជនដែលមានអាយុចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ទ្បើង អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមភេទបាន។ ផ្ទុយទៅវិញ ប្រសិនបើជនណាមួយធ្វើការរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំ នោះនឹងត្រូវទទួលការផ្តន្ទាទោសតាមច្បាប់ជាធរមាន។
តើអំពើរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំ មានទោសកម្រិតណា? សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
អំពើរួមភេទជាមួយអនីតិជន បានកំណត់នៅក្នុងមាត្រា ៤២ នៃច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលបានបញ្ញត្តិថា ជនណាបានប្រព្រឹត្តអំពើរួមភេទជាមួយអនីតិជនដែលមានអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់១០ (ដប់) ឆ្នាំ។
ការកំណត់ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរចំពោះអំពើនេះ គឺក្នុងគោលបំណងហាមឃាត់យ៉ាងដាច់ខាតមិនឱ្យមានការរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំ ទ្បើយ ទោះបីជាមានការព្រមព្រៀង ឬមានការស័្មគ្រចិត្តពីអនីតិជនក៏ដោយ។ ការហាមឃាត់នេះ គឺច្បាប់បានគិតគូរអំពី កត្តាជីវសាស្រ្ត វេជ្ជសាស្រ្ត ដែលធ្វើឱ្យប៉ះពាល់ដល់សរីរាង្គ និងសុខភាពរបស់អនីតិជន ព្រមទាំងលើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរផងដែរ។
ជាមួយគ្នានេះដែរ ត្រង់ស្មារតីមាត្រា៤៣ នៃច្បាប់នេះបានបញ្ញត្តិថា អំពើអាសនៅក្នុងច្បាប់នេះមានន័យថា ជាអំពើនៃការប៉ះពាល់ ឬការបង្ហាញកេរភេទ ឬផ្នែកផ្សេងទៀតរបស់ជនដទៃ ឬការឱ្យជនដទៃប៉ះពាល់កេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬរបស់តតិយជនក្នុងចេតនាធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។
ជនណាដែលបានប្រព្រឹត្តអំពើអាសទៅលើជនដទៃ ដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ដល់ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។ លើសពីនេះ ជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៤២ ឬមាត្រា៤៣ នេះ បើមិនរាងចាលទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារទ្វេដង។
សរុបមក អំពើរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ គឺជាបទល្មើសពិសេស និងជាបទឧក្រិដ្ឋ ដែលត្រូវបានបញ្ញត្តិផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ ទៅជនល្មើសដែលប្រព្រឹត្តអំពើនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមគ្រួសារ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគោលបំណងដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុខភាពរបស់កុមារ ព្រមទាំងរក្សាបាននូវប្រពៃណីទំនៀមទំលាប់ផងដែរ៕
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group