(បាសេឡូណា)៖ ក្រដាសជូតទឹកភ្នែករបស់កំពូលកីឡាករ Lionel Messi ក្នុងថ្ងៃលាក្រុម FC Barcelona ត្រូវបានគេហទំព័រដ៏ល្បីមួយរបស់ប្រទេសអាហ្សង់ទីន ដាក់លក់ក្នុងតម្លៃ ១លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Free News និងសារព័ត៌មានបរទេសជាច្រើន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
ក្រដាសជូតទឹកភ្នែករបស់ Messi ត្រូវបានដាក់លក់ដោយក្រុមហ៊ុនទីផ្សារអនឡាញ Mercado Libre របស់អាហ្សង់ទីន ដែលសហការជាមួយសហរដ្ឋអាមេរិក។
សារព័ត៌មាន Free News បានផ្សព្វផ្សាយនិងបញ្ជាក់យ៉ាងដូច្នេះ «អ្នកលក់អះអាងថា កន្សែងនោះផ្ទុកសម្ភារៈហ្សែនរបស់ Messi ដែលអាចជួយឲ្យលោកអ្នកមានកោសិកាបាល់ទាត់»។
កន្សែងជូតទឹកភ្នែករបស់អតីតប្រធានក្រុម Barcelona ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃដំបូង ១លានដុល្លារអាមេរិកឯណោះ។ យ៉ាងនេះក្តី មិនទាន់មានការបញ្ជាក់ថា នោះជាកន្សែងជូតទឹកភ្នែករបស់ Messi ឬយ៉ាងណានោះទេ។
ថ្មីៗនេះ Messi បានផ្ទេរពីក្លិបអេស្ប៉ាញ Barcelona ដោយគ្មានតម្លៃខ្លួនទៅក្លិបបារាំង Paris Saint-Germain (PSG) ប៉ុន្តែ PSG បានសម្រេចផ្តល់ថ្លៃពលកម្ម ៤១លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ជាមួយនឹងកិច្ចសន្យា ២ឆ្នាំ និងអាចបន្តថែម ១ឆ្នាំទៀត។ លើសពីនេះ បើតាមការផ្សាយដោយសារព័ត៌មាន Forbes គឺ Messi អាចរកចំណូលបាន ៧៥លានដុល្លារអាមេរិកពីប្រាក់ឈ្នួលក្នុងមួយឆ្នាំៗនៅ PSG ដែលនេះជាប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតក្នុងវិស័យបាល់ទាត់៕