(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញយក្សរបស់អាមេរិក បានប្រកាសឱ្យដឹងថា ខ្លួនបានបើកមជ្ឈមណ្ឌលដឹកជញ្ជូនតាមដែនអាកាសមួយ នៅ ភាគ ខាងជើងរដ្ឋ Kentucky ក្នុងតម្លៃ ១.៥ពាន់លានដុល្លារអាមេរិក ដើម្បីជួយពន្លឿន និងជំរុញ ដល់ការងារដឹកជញ្ជូនទំនិញតាមអាកាស ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសគឺងាយស្រួលក្នុងការគ្រប់គ្រង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលដឹកជញ្ជូនតម្លៃ ១.៥ពាន់លានដុល្លារអាមេរិកនេះ នឹងដើរតួយ៉ាងសំខាន់ និងជាចំណុចកណ្ដាលរបស់ Amazon Air ក្នុងការគ្រប់គ្រង និងចែកចាយ ទំនិញ តាមអាកាស ជាពិសេសគឺនឹងជួបពន្លឿនល្បឿននៃការដឹកជញ្ជូនដើម្បីបំពេញតាមចិត្តអតិថិជន។

Amazon Air ត្រូវបានក្រុមហ៊ុន Amazon បង្កើតឡើងតាំងពីឆ្នាំ ២០១៦ ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនតាមដែនអាកាស ដោយបច្ចុប្បន្ន មាន ទីតាំងសម្រាប់ចែកចាយរហូតដល់ ៤០នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែការដឹកជញ្ជូនទំនិញទៅកាន់តំបន់នីមួយៗមានបញ្ហាយឺតយ៉ាវ ដូច្នេះ ហើយទើប បង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនតាមដែនអាកាសមួយនេះឡើង។

លោក Jeff Bezos មេធំរបស់ Amazon ធ្លាប់បានប្រកាសកាលពីឆ្នាំ២០១៩ថា Amazon Air នឹងពង្រីកតំបន់ចែកចាយ ព្រមទាំង ដឹក ជញ្ជូនទៅកាន់បណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកឱ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយចាប់ផ្ដើមពង្រីកពី តំបន់ ដែលនៅជាប់អាមេរិកមុនគេ៕