(ប៉ារីស)៖ កីឡាករបាល់ទាត់សញ្ជាតិបារាំង Kylian Mbappe នៅតែជាកីឡាកររបស់ក្លិប Paris Saint-Germain បន្ទាប់ពីក្លិបបានចុះកិច្ចសន្យា ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ក៏ដោយ, នេះបើតាមការបញ្ជាក់ពីប្រធានក្រុម ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ។

ការមកដល់របស់ Messi នៅក្លិបនេះ បានដាក់បន្ថែមកីឡាករមួយរូបទៀត ក្នុងចំណោមកីឡាករល្អបំផុត នៅក្នុងជំនាន់របស់លោក ស្របពេលដែល PSG មានកីឡាករខ្សែប្រយុទ្ធដ៏ខ្លាំងក្លារួចទៅហើយ ក្នុងនោះរួមមានកីឡាករ Neymar សញ្ជាតិប្រេស៊ីល និងកីឡាករម្ចាស់ពានរង្វាន់ World Cup សញ្ជាតិបារាំង Mbappe ផងនោះ។

ដោយមានការសាកសួរអំពីអនាគតរបស់ Mbappe, លោក Nasser al-Khelaifi ប្រធានក្លិប បានលើកឡើងថា «លោកគឺជាកីឡាករមួយរូប របស់ Paris»។

អ្នកអត្ថាធិប្បាយខ្លះ បានលើកឡើងថា PSG អាចលក់កីឡាករ Mbappe ជាផ្នែកមួយ ដើម្បីយកសងមកវិញនូវប្រាក់មួយចំនួន នៃកញ្ចប់ប្រាក់ខែរបស់កីឡាករ Messi៕