(គូឡាឡាំពួរ)៖ លទ្ធផលចាប់ឆ្នោតស្វែងរកក្រុមបង្គ្រប់ពូល K នៃការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U-23 Asian Cup 2022) បានរកឃើញហើយ គឺក្រុម U23 ហុងកុង ដែលត្រូវចូលមកបង្គ្រប់ពូល K ជាមួយក្រុមជម្រើសជាតិ U23 កម្ពុជា និង U23 ជប៉ុន។

ការចាប់ឆ្នោតស្វែងរកក្រុមបង្គ្រប់ពូល K នៅរសៀលថ្ងៃទី១១ ខែសីហានេះ ធ្វើឡើងបន្ទាប់ពីក្រុម U23 កូរ៉េខាងជើងបានដកខ្លួនពីពូល K កាលពីថ្មីៗ។ ដូច្នេះដើម្បីរក្សានិរន្ដរភាពពូល K ក្នុងការប្រកួតបាន គណៈកម្មការរៀបចំការប្រកួត ក៏សម្រេចរៀបចំពិធីចាប់ឆ្នោតនេះឡើង ដោយមានបេក្ខភាព ៨ក្រុមត្រូវបានកំណត់ឲ្យមានការចាប់ឆ្នោតឡើងវិញរួមមានពូល G, H, I និងពូល J។

សម្រាប់បេក្ខភាពទាំង ៨ក្រុមដែលត្រូវបានរៀបចំចាប់ឆ្នោតរកក្រុមបង្គ្រប់ពូល K រួមមានពូល G មានក្រុម U23 ចិន និងព្រុយណេ, ពូល H ក្រុម U23 ទីម័រខាងកើត និងហ្វីលីពីន, ពូល I មានក្រុម U23 មីយ៉ាន់ម៉ា និងហុងកុង និងពូល J មានក្រុម U23 ម៉ាឡេស៊ី និងឡាវ។ ជាលទ្ធផលក្រុម U23 ហុងកុង ដែលដំបូងឡើយស្ថិតក្នុងពូល I ត្រូវបានចាប់ឆ្នោតចូលពូលជាមួយក្រុមគោព្រៃជំទង់កម្ពុជា និងជប៉ុន។ ដូច្នេះពូល I ក៏សល់ ៣ក្រុមដែរ រួមមានវៀតណាម មីយ៉ាន់ម៉ា និងឆាយនីសតៃប៉ិ។

ចំពោះការប្រកួតជម្រុះ AFC U-23 Asian Cup 2022 ខាងលើ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីចម្រាញ់រកក្រុមខ្លាំង ឡើងទៅជុំចុងក្រោយនៅប្រទេសអ៊ូបេគីស្ថាន ដែលគ្រោងធ្វើការប្រកួតពីថ្ងៃទី០១-១៩ ខែមិថុនា ឆ្នាំ២០២២៕