(អាមេរិក)៖ ថ្មីៗនេះតារាចម្រៀងល្បីឈ្មោះបោះសំឡេង Rihanna ត្រូវបានទស្សនាវដ្ដី Forbes ទទួលស្គាល់ថា បានក្លាយជាមហាសេដ្ឋី មានប្រាក់រាប់ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទ្រព្យសម្បត្តិរបស់នាងសរុប គឺបានកើនឡើងដល់ ១.៧ពាន់លានដុល្លារ។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាងនេះ គឺតារាចម្រៀងរូបនេះ និយាយតែពាក្យ៣ម៉ាត់គត់ នៅពេលឆ្លើយតបនឹងសំណួរ ដែលចោទសួរពីចំណាប់អារម្មណ៍នាង ក្រោយក្លាយជាមហាសេដ្ឋីនី។

នៅពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលសួរពីចំណាប់អារម្មណ៍របស់នាង ក្រោយមានងារជាមហាសេដ្ឋីនី ដែលកើតចេញពីកម្លាំងញើសឈាមនាងផ្ទាល់ Rihanna មិនបាននិយាយរ៉ាយរ៉ាប់អ្វីច្រើននោះទេ គ្រាន់តែពោលពាក្យ៣ម៉ាត់ដែលប្រែជាភាសាខ្មែរថា «ព្រះចិត្តល្អ»

គួរជម្រាបថា បើតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា ប្រាក់ចំណូលចម្បងដែលធ្វើឲ្យនាង ក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ គឺមិនមែនបានមកពីអាជីពសិល្បៈឡើយ ពោលគឺបានមកពីមុខជំនួញធំៗរបស់នាងចំនួនពីរ គឺហាងលក់គ្រឿងសំអាងប្រេន Fenty និងហាងលក់ខោអាវទ្រនាប់ប្រេន Savage X Fenty។ តារាស្រីរូបនេះ បានប្រើប្រាស់បណ្តាញសង្គមដែលមានអ្នក Follow រាប់លាននាក់ ដើម្បីទាយប្រយោជន៍ពីការផ្សព្វផ្សាយជំនួញរបស់នាង រហូតជំរុញឲ្យមុខរបស់ទាំងពីរនេះរបស់នាង មានភាពជោគជ័យខ្លាំង រហូតធ្វើឲ្យទ្រព្យសម្បត្តិរបស់នាងបានកើនឡើង រាប់ពាន់លានដុល្លារ៕