(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានចុះកិច្ចសន្យារកីឡាករបរទេស ២រូប ដើម្បីពង្រឹងក្រុមនៅជុំទី២ នៃលីគកំពូលកម្ពុជា ដោយម្នាក់បានប្រកាសកាលពីម្សិលមិញ គឺខ្សែប្រយុទ្ធនីហ្សេរីយ៉ា Timothy Okereke ខណៈម្នាក់ទៀត កំពុងធ្វើចត្ដាឡីស័កនៅឡើយ។
លោក ខូវ ឆាយ អគ្គលេខាធិការក្លិបបានបញ្ជាក់ថា «ទាក់ទងនឹងការផ្លាស់ប្ដូរកីឡាករ មកទល់បច្ចុប្បន្ន យើងបានចុះកិច្ចសន្យារកីឡាករបរទេស ២នាក់ សម្រាប់កូតាកីឡាករបរទេស នៅជុំទី២ ហើយឥលូវយើងបានបង្ហាញ Timothy មួយហើយ នៅកីឡាករម្នាក់ទៀត យើងទាន់ធ្វើការបង្ហាញទេ ដោយសារគាត់កំពុងធ្វើចត្ដាឡីស័ក»។
ទន្ទឹមការនាំចូលកីឡាករថ្មីនេះដែរ លោកថា ម្នាក់នឹងត្រូវជំនួសខ្សែប្រយុទ្ធប្រេស៊ីល Cristiano Santos ដែលក្លិបបានផ្ដាច់កុងត្រាកាលពីថ្មីៗ ហើយម្នាក់ទៀត ក្លិបមិនទាន់សម្រេចផ្លាស់ប្ដូរកីឡាករបរទេសរូបណានោះទេ ដ្បិតរង់ចាំមើលការប្រកួតសេសសល់ក្នុងជុំទី១ នូវទម្រង់លេងរបស់ពួកគេ ថាតើកីឡាកររូបណា នឹងត្រូវជម្រុះចេញ?
បច្ចុប្បន្នក្រុម Tiffy Army ក្រុមកំពុងឈរលេខរៀងទី៧ បណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា គឺមានកីឡាករបរទេស ៤រូបក្នុងដៃ បន្ទាប់ពីបញ្ចប់កិច្ចសន្យាកីឡាករ Cristiano Santos រួមមានមានកីឡាករជប៉ុន Yuta Kikuchi និង Rio Sakuma, កីឡាករប្រេស៊ីល Romario និងកីឡាករនីហ្សេរីយ៉ា Dzarma Bata៕